លោកយាយកំសត់អាយុជិត៩០ឆ្នាំ នៅខំតស៊ូអង្គុយលក់ទៀន ធូប ដើម្បីក្រពះ

សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញប្រាកដជាស្គាល់ ព្រះអង្គដងកើ ដែលជាទីកន្លែងប្រជាជនខ្មែរភាគច្រើនតែងតែនិយមទៅបន់ស្រន់សុំសេចក្ដីសុខ។ ជាធម្មតា អ្នកដែលទៅបន់ស្រន់នៅទីនោះ តែងតែមាននាំយកទៅជាមួយនូវគ្រឿងដង្វាយផ្សេងៗដូចជា ទៀន ធូប ផ្កាឈូក និងផ្លែឈើជាដើម ឯអ្នកខ្លះទៀតក៏ចំណាយប្រាក់បន្ដិចបន្ទួច ដើម្បីទិញអ្នកលក់នៅទីនោះស្រាប់តែម្ដង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងលោកយាយ ងៀត ប្រឹម អាយុ៨៦ឆ្នាំ មានមុខរបរលក់ទៀន ធូប និងផ្កាឈូកនៅម្តុំព្រះអង្គដងកើបានឲ្យដឹងថា លោកយាយមានទីលំនៅស្រុកគៀនស្វាយ ខេត្តកណ្តាល ហើយជារៀងរាល់ថ្ងៃ លោកយាយតែងតែធ្វើដំណើរតាមរ៉ឺម៉ក ដើម្បីយកលក់ដូរនៅម្តុំមុខវាំងនេះ។

លោកយាយមានប្រសាសន៍ឲ្យដឹងថា ដោយសារតែជីវភាពខ្វះខាតទើបលោកយាយមកលក់គ្រឿងដង្វាយទាំងនេះ ដើម្បីចិញ្ចឹមជីវិត ព្រោះលោកយាយចាស់ជរាហើយណាមួយកូនៗរបស់លោកយាយក៏ជរាដូចគ្នាដែរ។ លោកយាយមានប្រសាសន៍បន្ថែមទៀតថា លោកយាយលក់មិនសូវដាច់ប៉ុន្មានទេ ដោយសារតែមានអ្នកលក់ច្រើន តែបើរដូវបុណ្យទាននាន លោកយាយអាចលក់បានច្រើនគួរសម តែបើថ្ងៃធម្មតាគឺមិនសូវបានឡើយ។

ទាក់ទងទៅនឹងតម្លៃវិញ មួយឈុតមានផ្កាឈូក៣ដើម ទៀន និងធូប មានម្លៃ ៥,០០០រៀល រឺពេលខ្លះត្រឹម ៣,០០០រៀល ហើយក្នុងមួយថ្ងៃលោកយាយលក់បានត្រឹម ៧-១០គូប៉ុណ្ណោះ។ បើអ្នកទាំងអស់គ្នាបានទៅបន់ស្រន់នៅព្រះអង្គដងកើ កុំភ្លេចជួយទិញលោកយាយផង!


អត្ថបទ៖ សេម
រូបភាព៖ Fu