ពន្យឺតដំណើរការនៃភាពចាស់តាមវ័យ ជាមួយនឹងគន្លឹះបែបធម្មជាតិងាយៗមួយចំនួនទាំងនេះ

អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗមួយចំនួនដែលជួយអ្នកដើម្បីរក្សាបាននូវភាពក្មេងជាងវ័យរយៈពេលយូរតាមរយៈការពន្យឺតដំណើរការនៃភាពចាស់ ៖

១. កាត់បន្ថយបរិមាណនៃអាហារ ៖ ការកាត់បន្ថយបរិមាណនៃអាហារដែលអ្នកទទួលទានជួយពន្យឺតដំណើរការនៃភាពចាស់របស់រាងកាយ។ ការកាត់បន្ថយបរិមាណនៃអាហារនឹងធ្វើឲ្យមានការផ្លាស់ប្ដូររបៀបគីមីជីវៈដែលជះឥទ្ធិពលដល់ដំណើរការនៃភាពចាស់របស់កោសិកាក្នុងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលរាងកាយត្រូវទទួលបាននូវជាតិវីតាមីន និងសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់។ លើសពីនេះទៅទៀត ការទទួលទានតិចក៏ជួយកាត់បន្ថយនូវជំងឺផ្សេងៗ និងផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែមផងដែរ។

២. បញ្ចូលផ្សិតសក្នុងរបបអាហារ ៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកជាច្រើននិយាយថា អ្នកដែលទទួលទានផ្សិតសទៀងទាត់មើលទៅក្មេងខ្លាំងជាងអាយុពិតរបស់ពួកគេ។ នេះ គឺដោយសារតែផ្សិតសមានផ្ទុកនូវសារធាតុពិសេសហៅថា ergothioneine និង glutathione ដែលប្រឆាំងទប់ទល់នឹងកោសិកាដែលខូចខាត។ លើសពីនេះទៅទៀត សារធាតុទាំងពីរនេះក៏ជួយបង្ការការវិវត្តន៍នៃជំងឺមហារីក និងជំងឺសសៃឈាមបេះដូង ក៏ដូចជាជំងឺភ្លេចភ្លាំងផងដែរ។

៣. កាត់បន្ថយបរិមាណនៃការទទួលទានជាតិផ្អែម ៖ វាមិនត្រឹមតែល្អចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែការកាត់បន្ថយជាតិផ្អែមក៏ជួយរក្សារាងរបស់អ្នកឲ្យស្លីមស្រស់ស្អាត និងពន្យឺតដំណើរការនៃភាពចាស់របស់រាងកាយទាំងមូលផងដែរ។ កង្វះនៃជាតិកាបូអ៊ីដ្រាត រាងកាយរបស់យើងនឹងចាប់ផ្តើមផលិតសារធាតុគីមីម្យ៉ាងដែលការពារជាលិកាកោសិកពីការខូចខាត។ ជំនួសមកវិញ ដើម្បីពន្យឺតដំណើរនៃភាពចាស់តាមវ័យ ក៏ដូចជារក្សារាងឲ្យស្លីមស្អាត និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង មហារីក ជំងឺភ្លេចភ្លាំងនោះ អ្នកគួរធ្វើការបន្ថែមបរិមាណនៃជាតិខ្លាញ់ល្អក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិខ្លាញ់ល្អៗច្រើនមានផ្ទុកនៅក្នុង ត្រី សាច់ ប្រេងបន្លែ គ្រាប់ធញ្ញជាតិ គ្រាប់ពូជ ស៊ុត ជាដើម។

៤. ជិះកង់ ៖ អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការជិះកង់ទៀងទាត់ មានឥទ្ធិពលពន្យឺតដំណើរនៃភាពចាស់តាមវ័យ។ លំហាត់ប្រាណប្រភេទនេះកាត់បន្ថយជាតិខ្លាញ់ និងកូឡេស្តេរ៉ូលក្នុងឈាម ខណៈដែលចំពោះរាងកាយបុរសរក្សាបាននូវភាពខ្ពស់នៃកម្រិតអ័រម៉ូនបុរស​តេស្តូ​ស្តេ​រ៉ូន។ លើសពីនេះទៅទៀត អ្នកជិះកង់មិនបាត់បង់ភាពរឹងមាំនៃសុខភាព ក៏ដូចជាកម្លាំងសាច់ដុំរបស់ពួកគេឡើយ។ ដំណើរការនៃភាពចាស់ក្នុងរាងកាយរបស់ពួកគេកើតឡើងដោយគ្មានបញ្ហាធម្មតាមួយចំនួនដែលមនុស្សខ្វះសកម្មភាពរាងកាយមាន។ នៅពេលមិនរួមបញ្ចូលលំហាត់ប្រាណនៃការជិះកង់ទៀតទាត់ចូលក្នុងសកម្មភាពរាងកាយប្រចាំថ្ងៃ ស្ថានភាពសុខភាពនឹងកាន់តែអាក្រក់ឡើងផងដែរ។

៥. រាប់អានមិត្តភក្តិ ៖ មិត្តភាពយូរអង្វែងជះឥទ្ធិពលវិជ្ជមានទៅលើផ្នែកពិសេសនៃក្រូម៉ូសូមដែលទទួលខុសត្រូវចំពោះដំណើរការនៃភាពចាស់។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា មិត្តភាព និងការធ្វើទំនាក់ទំនងជាមួយអ្នកដទៃអាចជួយកាត់បន្ថយល្បឿននៃភាពចាស់តាមវ័យរបស់ខួរក្បាល។

៦. ចាប់ផ្ដើមការរាំ ៖ សកម្មភាពរាងកាយរបស់មនុស្សអាចកាត់បន្ថយ ឬពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ខួរក្បាលបាន។ឥទ្ធិុពលនៃការរាំបានបង្ហាញឲ្យឃើញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងខួរក្បាលដែលជះឥទ្ធិពលវិជ្ជមានលើរាងកាយ។ លើសពីនេះទៅទៀត ការរាំក្បាច់ ឬប្រភេទ ឬតាមចង្វាក់ភ្លេងផ្សេងៗពីគ្នាផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលជួយការចងចាំ និងសមត្ថភាពនៃការរៀន ឬស្វែងយល់មានភាពប្រសើរឡើង។

៧. រៀនគ្រប់គ្រងលើភាពតានតឹងនៃអារម្មណ៍ ៖ នៅពេលជួបប្រទះ ឬត្រូវប្រឈមមុខនឹងឧបសគ្គណាមួយ អ្នកគួរចាត់ទុកថា វាមិនមែនជាទីបញ្ចប់ ឬផ្លូវទាល់របស់អ្នកឡើយ ប៉ុន្តែវាគ្រាន់តែជាស្ថានភាពមួយដែលអ្នកត្រូវការដើម្បីស្វែងរកដំណោះស្រាយ ឬផ្លូវចេញប៉ុណ្ណោះ។ អាកប្បកិរិយានេះនឹងពង្រឹងលំហូរឈាមទៅបេះដូង និងខួរក្បាល ហើយបណ្តាលអោយមានបង្អាក់នូវដំណើរការនៃការបញ្ចេញអ័រម៉ូន ស្ត្រេស cortisol ដែលអាចជួយក្នុងការបង្កើតនូវការឆ្លើយតបនឹងការគំរាមកំហែងពីខាងក្រៅ និងស្ថានភាពតានតឹងខ្លាំង។ ដំណើរការនេះក៏ត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការរក្សាបាននូវភាពក្មេងវ័យផងដែរ។

៨. ចេញក្រៅ ៖ ធ្វើការរៀបចំនូវរបៀបរស់នៅបែបសកម្មមួយ ដោយមានទំនាក់ទំនងជាមួយសង្គម ក៏ដូចជាអ្នកដទៃ ការចេញទៅទស្សនាពិព័រណ៌ និងការប្រគុំតន្ត្រីនានា រួមទាំងសកម្មភាពផ្សេងៗដែលផ្ដល់ឲ្យអ្នកនូវអារម្មណ៍រីករាយមិនស្មុគស្មាញ។ សកម្មភាពដែលពាក់ព័ន្ធនឹងស្ថានភាពនៃអារម្មណ៍ទាំងអស់នេះ គឺអាចជួយពន្យឺតដំណើរការនៃភាពចាស់ បាន។

៩. រៀននូវអ្វីដែលថ្មី ៖ បើទោះបីជា ខួរក្បាលចាប់ផ្ដើមធ្វើការមិនសូវសកម្មទៅតាមវ័យរបស់យើងក៏ដោយ ប៉ុន្តែយើងអាចរក្សាបាននូវជំនាញនៃបញ្ញា និងការគិតស្រមៃ ក្នុងកម្រិតខ្ពស់មួយ។ ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវរៀននូវអ្វីដែលថ្មីឲ្យបានទៀងទាត់។ មធ្យោបាយល្អមួយក្នុងការរក្សាគំនិតរបស់អ្នកឲ្យច្បាស់លាស់ ជាពិសេសនៅពេលមានវ័យចំណាស់ គឺការរៀនភាសាបរទេស។ ពិតណាស់វាមិនងាយស្រួលនោះទេ ប៉ុន្តែលទ្ធផលនឹងត្រូវបានកត់សម្គាល់ភ្លាមៗ។ ដូចគ្នានេះដែរ ចំពោះអ្នកដែលមានការអប់រំកម្រិតខ្ពស់រស់នៅបានយូរដោយសារតែក្បួនច្បាប់មួយ គឺពួកគេមានរបៀបរស់នៅបែបសុខភាពល្អ ទទួលទានអាហារសុខភាពល្អ ទទួលទានគ្រឿងស្រវឹងតិច ប៉ុន្តែហាត់កីឡា ឬហាត់ប្រាណច្រើន។

១០. កាត់បន្ថយការនិយាយទូរស័ព្ទឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ៖ ការប្រើប្រាស់ទូរស័ព្ទញឹកញាប់ពេកអាចបណ្ដាលឲ្យកើតមានបញ្ហាចាស់ជាងវ័យ។ លើសពីនេះទៅទៀត កាំរស្មីអេឡិចត្រូម៉ាញ៉េទិចនៃឧបករណ៍អេឡិចត្រូនិកអាចធ្វើឲ្យមានការខូចខាតកោសិកាឈាម ប៉ះពាល់ដល់ អង់ស៊ីមថ្លើម ក្រពេញ
អង់ដូគ្រីន សាច់ដុំ បេះដូង ខួរឆ្អឹង និងបំបែកតុល្យភាពអ័រម៉ូនថែមទៀតផង៕

អត្ថបទ ៖ Bee

ប្រភព ៖ Brightside