ក្នុងកំឡុងពេលឈ្លោះគ្នា ត្រឹមតែពាក្យសម្ដីមួយម៉ាត់ ឬទង្វើមួយ ក៏អាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់បានដែរ។ ការអន់ចិត្តដែលអូសបន្លាយពេលយូរ បន្ទាប់ពីមានជម្លោះ គឺអាចបំផ្លាញនូវទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយ។ ខាងក្រោមជាទង្វើទាំង ៧ យ៉ាងដែលអ្នកគួរឲ្យតែជៀសឲ្យបាន ខណៈពេលមានជម្លោះប្ដីប្រពន្ធ ប្រសិនបើចង់រក្សានូវចំណងស្នេហ៍បានយូរទៅមុខទៀត ៖

៧. កុំទាញសមាជិកដទៃទៀតក្នុងគ្រួសារឲ្យពាក់ព័ន្ធនឹងជម្លោះរបស់អ្នក ៖ ជម្លោះប្ដីប្រពន្ធ ជាបញ្ហាដែលពាក់ព័ន្ធរវាងមនុស្ស ២ នាក់ប៉ុណ្ណោះ គឺ អ្នក និងដៃគូរបស់អ្នក ។ ការទាញឪពុកម្ដាយមកពាក់ព័ន្ធក្នុងជម្លោះ គឺហាក់ដូចជាអ្នកកំពុងតែប្រថុយនឹងការប្រែក្លាយគ្រួសារធម្មតាមួយឲ្យទៅជាគ្រួសារដែលរញ៉េរញ៉ៃអ៊ីចឹង។ បើទោះបីជា ភាពសុខដុមរមនា ឬភាពចុះសម្រុងវិលត្រឡប់មករកទំនាក់ទំនងរបស់ប្ដីប្រពន្ធអ្នកវិញក៏ដោយ ក៏សមាជិកគ្រួសារដទៃទៀតដែលបានដឹងរឿងគ្រប់យ៉ាងទំនងជានឹងប្រើវាដើម្បីប្រឆាំងជាមួយអ្នក ឬដៃគូរបស់អ្នក ខណៈពេលដែលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពផ្ដល់ឱកាសជាថ្មីណាមួយចំពោះគ្នា។

៦. ជៀសវាងហឹង្សា ៖ ខណៈពេលមានជម្លោះ មនុស្សភាគច្រើនមានទំនោរបង្ហាញនូវផ្នែកដ៏អាក្រក់បំផុតមួយនៃអត្តចរិករបស់ពួកគេ។ អ្នកខ្លះព្យាយាមបង្ហាញថា ខ្លួនពួកគេត្រឹមត្រូវដោយប្រកែក រហូតឈានដល់ការប្រើប្រាស់នូវអំពើហឹង្សា។បើទោះបីជាអ្នកខឹងគ្នាខ្លាំងប៉ុណ្ណាក៏ដោយ កុំបណ្ដោយខ្លួនឯង ឬដៃគូរបស់អ្នកប្រើប្រាស់ហឹង្សាឲ្យសោះ។ ហឹង្សាលើរាងកាយដែលបង្កឡើងដោយមនុស្សដែលអ្នកស្រឡាញ់ គឺអាចនឹងសម្លាប់នូវរាល់អារម្មណ៍ល្អៗដែលធ្លាប់មានជាប់ក្នុងចិត្តទាំងអស់តែម្ដង។

៥. កុំធ្វើឲ្យរឿងតូចតាចប្រែជារញ៉េរញ៉ៃ ៖ និយាយឲ្យងាយយល់ គឺកុំធ្វើឲ្យរឿងតូចក្លាយជាធំ ឬរំលឹករឿងឈ្លោះដែលហួសហើយសារឡើងវិញម្កងទៀត។ ប្រសិនបើមូលហេតុចម្បងនៃជម្លោះរបស់អ្នកពេលនេះ គឺដោយសារតែដៃគូទុកចានឆ្នាំងចោលមិនលាងសម្អាតនោះ ចូរនិយាយតែពីរឿងនេះបានហើយ។ កុំលើកយកនូវកំហុសផ្សេងៗ ឬការធ្វើខុសពីមុនរបស់ដៃគូមកនិយាយលាយឡំ។ នេះ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្វែរបញ្ហាតូចតាចក្នុងគ្រួសារមិនឲ្យប្រែជាជម្លោះដ៏អាក្រក់ស្មានមិនដល់ដែលឈានដល់ការចែកផ្លូវគ្នា។

៤. កុំនិយាយអំពីការលែងលះគ្នាឲ្យសោះ ៖ វាអាចជាការប្រមាថដ៏ធំបំផុតមួយ នៅពេលដែលអ្នកនិយាយថា “អ៊ីចឹងលែងលះគ្នាទៅ” កំឡុងពេលមានជម្លោះ។ ពាក្យទាំងនេះអាចធ្វើឲ្យមានការប៉ះទង្គិចដល់អារម្មណ៍ដៃគូរបស់អ្នកខ្លាំងមែនទែន។ អ្នកកាន់តែនិយាយឃ្លានេះញឹកញាប់ប៉ុណ្ណា ការលែងលះនឹងអាចកើតឡើងលឿនតាមនោះដែរ។ ប្រសិនបើអ្នកស្រឡាញ់គ្នា កុំនិយាយអំពីការចែកផ្លូវគ្នាអី។

៣. កុំចាកចេញពីផ្ទះនៅពាក់កណ្ដាលជម្លោះ ៖ ការចាកចេញពីផ្ទះក្នុងកំឡុងពេលឈ្លោះគ្នា គឺហាក់ដូចជាសកម្មភាពមួយរបង្ហាញថា អ្នកមិនមានអារម្មណ៍សុខស្រួលនឹងរស់នៅក្រោមដំបូលតែមួយជាមួយដៃគូទៀតឡើយ។ ការទាញទ្វារបិទ រត់ចូលទៅក្នុងភាពងងឹត ទុកជម្លោះដែលមិនទាន់ដោះស្រាយរួចចោល ទាំងនេះជាអ្វីដែលនឹងធ្វើឲ្យដៃគូគិតសារឡើងវិញទ្វេដងអំពីកម្រិតនៃភាពចាស់ទុំរបស់អ្នក។ ដើម្បីជាការប្រសើរ ចូររងចាំរហូតដល់ស្ងប់ស្ងាត់ទាំងសងខាង សឹមចាប់ផ្ដើមពិភាក្សាអ្វីគ្រប់យ៉ាងឡើងវិញតាមរបៀបជាមនុស្សពេញវ័យ។

២. កុំគេងបែកគ្នា ៖ ការសម្រេចចិត្តគេងបែកពីគ្នា គឺហាក់ដូចជាអ្នកកំពុងបង្ហាញថា ខ្លួនឯងមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយបញ្ហា ឬត្រូវគ្នាវិញ អ៊ីចឹង។ ដឹងទេថា គ្រាន់តែការគេងលើគ្រែជាមួយគ្នាដូចធម្មតា គឺអាចនឹងជួយបន្ធូរនូវបរិយាកាសតានតឹង ហើយដោះស្រាយជម្លោះបានរហ័ស។ ភ្លាមៗបន្ទាប់ពីជម្លោះ អ្នកប្រហែលជានឹងគេងបែរខ្នងដាក់គ្នា ប៉ុន្តែនៅពេលព្រឹកអ្នកអាចនឹងក្រោកឡើងនៅក្នុងដៃរបស់គ្នាដោយភ្លេចទាំងជម្លោះបន្តិចបន្តួចពីយប់ទៀតផង។

១. កុំឈ្លោះគ្នានៅទីសាធារណៈ ៖ ប្រសិនបើអ្នកបណ្ដោយឲ្យខ្លួនឯង និងដៃគូឈ្លោះគ្នានៅទីសាធារណៈនោះ វាហាក់ដូចជាអ្នកមិនផ្ដល់តម្លៃ ឬការគោរពចំពោះគ្នា ក៏ដូចជាមនុស្សជុំវិញខ្លួនដូច្នោះដែរ។ ការដោះស្រាយបញ្ហាជម្លោះរបស់អ្នកនៅផ្ទះ គឺប្រសើរបំផុត៕

អត្ថបទ ៖ Bee

ប្រភព ៖ Brightside