Vivo Nex ស្មាតហ្វូនដំបូងបង្អស់ដែលមានអេក្រង់ពេញតួខ្លួនតែម្ដង!

ស្អប់ក្បាលឆក? ចឹងអ្នកនឹងស្រលាញ់ Vivo Nex ជាមិនខាន ព្រោះម៉ូដែលនេះគ្មានសល់គែមលើទៀតទេ ឯគែមក្រោមក៏គ្មានសល់ដែរ ពោលគឺផ្ទៃខាងមុខពេញទៅដោយអេក្រង់តែម្ដង។ ទោះជាយ៉ាងណា ស្មាតហ្វូននេះនៅមិនទាន់ចេញលក់នៅឡើយទេ ហើយទីផ្សារដំបូងបង្អស់ដែលនឹងទទួលបានការចេញលក់ស្មាតហ្វូននេះគឺប្រទេសចិន។ ដោយឡែក Vivo Nex ត្រូវបានបង្ហាញខ្លួនដំបូងបង្អស់ក្នុងទីក្រុងសៀងហៃ ហើយបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះនិយាយថា សុបិន្តក្លាយជាការពិតហើយ។ ខាងក្រោមនេះ គឺជាគ្រប់យ៉ាងដែលអ្នកគួរដឹងពីស្មាតហ្វូននេះ៖

1/ អេក្រង់ពេញ

Vivo Nex មានបំពាក់ដោយអេក្រង់ទំហំ 6.59អ៊ីញ ប្រភេទ Super AMOLED និងមានគែមស្ដើងទាំងលើ និងក្រោម។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ស្មាតហ្វូននេះមានសមាមាត្រអេក្រង់ទៅនឹងតួរហូតដល់ទៅ 91.24% ឯណោះ។ ទាក់ទងទៅនឹងកម្រឹតបង្ហាញរូបភាពគឺ Full HD+ (2316 x 1080 pixels) ជាមួយនឹងដង់ស៊ីតេអេក្រង់ 338 ppi។

2/ កាមេរ៉ាមុខទាញចេញក្រៅ

លោកអ្នកប្រាកដជាឆ្ងល់ហើយថា តើក្រុមហ៊ុន Vivo អាចលុបចោលក្បាលឆកបានយ៉ាងដូចម្ដេច បើកាមេរ៉ាមុខនៅតែមាន? សម្រាប់ភាពអស្ចារ្យមួយទៀត គឺកាមេរ៉ានេះឯងដែលតម្រូវឲ្យយើងដកវាចេញមកក្រៅដើម្បីថត។ ជាការពិតណាស់ នេះគឺជាអ្វីដែលថ្មី ហើយកាមេរ៉ាមុខត្រូវបានបង្កប់ក្នុងតួខ្លួនតែម្ដង។ ទាក់ទងទៅនឹងកាមេរ៉ាទាញចេញក្រៅនេះ គឺមានទំហំ 8MP និងអាចដកចេញចូលបានរហូតដល់ 50,000ដងឯណោះ ជាមួយនឹងការការពារកម្ទេចធូលីចូលផងដែរ។

3/ បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ជំនាន់ទី3

សម្រាប់កាមេរ៉ាមុខថ្មីនេះ នៅមិនទាន់អស់នៅឡើយទេសម្រាប់ក្រុមហ៊ុន Vivo។ មិនខុសអីពី Vivo X21 ដែរ គឺបន្ទះស្កេនស្នាមក្រយ៉ៅដៃត្រូវបានបង្កប់ក្នុងអេក្រង់តែម្ដង។ សម្រាប់ជំនាន់ថ្មីនៃស្មាតហ្វូននេះ Vivo Nex មានបំពាក់ដោយ sensor ស្កេនស្នាមក្រយ៉ៅដៃជំនាន់ទី3 ដែលមានសមត្ថភាពអាចស្កេនបានលឿនជាងមុន 10% និងកាត់បន្ថយការស្កេនខុសបាន 30%។

4/ អេក្រង់ គឺជាឧបករណ៍បំពងសម្លេង

ស្មាតហ្វូន Vivo Nex មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា “Screen SoundCasting” ដែលនេះគឺជាអ្វីដែលថ្មីមួយទៀត។ ទោះជាយ៉ាងណា យើងនៅមិនទាន់ដឹងនៅឡើយទេថា តើបច្ចេកវិទ្យានេះដំណើរការយ៉ាងដូចម្ដេច ប៉ុន្ដែយោងតាមក្រុមហ៊ុន Vivo បានលើកឡើងថា បច្ចេកវិទ្យានេះអាចធ្វើឲ្យអេក្រង់ក្លាយទៅជាឧបករណ៍បំពងសម្លេងបានដោយមិនបាត់បង់គុណភាពឡើយ។

5/ ការដំណើរការ

សម្រាប់ស្មាតហ្វូនធន់កណ្ដាល X21 មានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 660 ហើយចំពោះ Vivo Nex វិញគឺត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 845 ជាមួយនឹងទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យច្រើនជាង 256GB។ ចំពោះថាមពលថ្មគឺមានទំហំ 4,000mAh។

6/ កាមេរ៉ាភ្លោះជាមួយនឹងបច្ចេកវិទ្យា AI

ផ្នែកខាងក្រោយ Vivo Nex មានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP និង 5MP ក្នុងកម្រឹត Aperture f/1.8 និង f/2.4។ សម្រាប់កាមេរ៉ាទំហំ 12MP មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Dual Pixel ដែលមានសមត្ថភាព Focus លឿន ហើយ lens ទាំងពីរមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹងដូចគ្នា។

សម្រាប់មុខងារមួយចំនួនដូចជា Portrait Mode, Live Photos, Beauty mode, AI HDR និង AR stickers ក៏ត្រូវបានដាក់បញ្ចូលក្នុងស្មាតហ្វូននេះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ក្រុមហ៊ុន Vivo ក៏មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ផងដែរ។

7/ Funtouch OS ជាមួយនឹង Jovi

Funtouch គឺជាប្រព័ន្ធដំណើរការពិសេសមួយរបស់ Android ដែលមានសមត្ថភាពស្រដៀងគ្នាទៅនឹង iOS ដែរ។ ជាមួយនឹងប្រព័ន្ធដំណើរការនេះ អ្នកប្រើប្រាស់អាចធ្វើចលនាបញ្ជាដូចគ្នាទៅនឹង iPhone X ដែលបង្កើនភាពងាយស្រួលបំផុតសម្រាប់ស្មាតហ្វូនដែលគ្មានប៊ូតុង។

8/ តម្លៃ និងការចេញលក់

Vivo Nex នឹងត្រូវបានដាក់លក់លើទីផ្សារប្រទេសចិនក្នុងតម្លៃប្រមាណជា 4498 yuan រឺ $700 សម្រាប់ប្រភេទអង្គផ្ទុកទិន្នន័យ 128GB និង $780 សម្រាប់អង្គផ្ទុកទិន្នន័យ 256GB។ សម្រាប់ជម្រើសពណ៌វិញគឺខ្មៅ និងក្រហម។

Fu

ប្រភព៖ androidauthority