ផ្អែមល្ហែមដល់ម្លឹង ! បុរសវ័យចំណាស់ម្នាក់ឈរអោបបាច់ផ្ការងចាំប្រពន្ធត្រលប់មកផ្ទះវិញ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់

ប្រទេសចិន ៖ យុវវ័យជាច្រើនបានទិញផ្កាដើម្បីជូនគ្នាទៅវិញទៅមកបង្ហាញក្តីស្រលាញ់នៅក្នុងឪកាសថ្ងៃបុណ្យសេចក្តីស្រលាញ់ដែលទើបតែកន្លងទៅថ្មីៗនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវផ្អែមល្ហែមរបស់បុរសចំណាស់ម្នាក់ ឈរកាន់បាច់ផ្កាយ៉ាងស្រស់ស្អាតនៅឯស្ថានីយ៍រថភ្លើងទុកជូនប្រពន្ធក្នុងថ្ងៃបុណ្យសេចក្តីស្រលាញ់នេះផងដែរ។ តាមប្រភពបានអៅយដឹងថាប្រពន្ធរបស់គាត់ទើបតែត្រលប់​​មកពីមើលថែរកូនស្រីនៅសហរដ្ឋអាមេរិក។​ បុរសចំណាស់ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Song Seong Song វ័យ៧២​ឆ្នាំ​បានឈរកាន់បាច់យ៉ាងស្រស់ស្អាតមួយនៅឯស្ថានីយ៍រថភ្លើង។

គាត់ឈរហាក់បីដូចជារងចាំនរណា ចុងក្រោយទើបគេដឹងថាគាត់ឈររងចាំប្រពន្ធដែលបានបែកគ្នាជាងកន្លះឆ្នាំ។ ដោយសារតែប្រពន្ធរបស់គាត់ត្រលប់មកវិញចំថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ផង បុរសចំណាស់រូបនេះក៏សម្រេចទិញបាច់ផ្កាដ៏ស្រស់ស្អាតដែលមានតម្លៃរាប់រយយ័នទុកទទួលតែម្តង។ គាត់បានរងចាំប្រពន្ធនៅក្នុងស្ថានីយ៍រថភ្លើងអស់រយៈពេលជាង១ម៉ោង នៅពេលដែករថភ្លើងប្រកាសាថាមកដល់គាត់មានអារម្មណ៍រំភើបណាស់។

គាត់បានប្រាប់បន្ថែមថានេះជាលើកទីមួយក្នុងជីវិតហើយដែលគាត់ទិញបាច់ផ្កាជូនប្រពន្ធគាត់។ ប្រពន្ធគាត់មានការភ្ញាក់ផ្អើលណាស់នៅពេលទទួលបាច់ផ្កា នាងញញឹមជាប់ហើយបាននិយាយអគុណជាច្រើនដងដល់គាត់៕ ទង្វើរដ៏ផ្អែមល្ហែមរបស់បុរសចំណាស់នេះបានធ្វើអោយយុវវ័យជាច្រើនច្រណែន ពួកគេបានយករឿងរ៉ាវនេះទៅចែករំលែកពេញបណ្តាញសង្គម៕




ប្រភព ៖ sanook