ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នគេសង្កេតឃើញសិស្សានុសិស្ស ដែលត្រូវប្រឡងឆ្នាំនេះកំពុងតែខិតខំប្រឹងប្រែងសិក្សាយ៉ាងខ្លាំង ដើម្បីត្រៀមប្រឡង។ ក្នុងនោះផងដែរក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងពីការប្រើប្រាស់ម៉ាស៊ីនគិតលេខនៅក្នុងពេលប្រឡង ដោយក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខក្នុងពេលប្រឡងឡើយគឺ​ដើម្បី​ធានា​នូវ​សមភាព និង​យុត្តិធម៌​សម្រាប់​បេក្ខជន​​ទាំងអស់​។

ការ​រៀប​ចំ​នូវ​វិញ្ញាសា​នីមួយៗ​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ផ្អែក​ទៅ​តាមពេលវេលា​ដែល​បាន​កំណត់។ ម៉ាស៊ីន​គិត​លេខ មាន​ច្រើន​ប្រភេទ​រាប់​មិន​អស់ មាន​មុខងារ​ប្រើប្រាស់ តិច ឬ​ច្រើន​ទៅ​តាម​តម្លៃ​ខ្ពស់ ឬ​ទាប ដែល​ពុំ​មាន​សមធម៌ និង​យុត្តិធម៌​សម្រាប់​បេក្ខជន​ទាំងអស់។ ក្រសួងបានបញ្ជាក់ទៀតថា ការ​គិត​លេខ​ដោយ​ប្រើខួរក្បាល​នឹង​បង្កើន​ភាព​រួស​រវើក​​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​បាន​ល្អ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា