ក្រុមហ៊ុន Apple មានគម្រោងប្រកាសចេញលក់ iPhone របស់ខ្លួនដល់ទៅ 3ម៉ូដែលឯណោះសម្រាប់ឆ្នាំ2018 នេះ ហើយម៉ូដែលទាំង3 ត្រូវបានគេជឿថានឹងក្បាលឆកទាំងអស់ ជាមួយនឹងចលនាបញ្ជាដូចគ្នាទៅនឹង iPhone X នាពេលបច្ចុប្បន្នដែរ។ ទាក់ទងទៅនឹងកាលបរិច្ឆេតចេញលក់អាចនឹងត្រូវបានធ្វើឡើងនាខែកញ្ញា ខាងមុខនេះ ជាមួយនឹងជម្រើស iPhone 3ម៉ូដែលគឺ iPhone 9, iPhone X (2018) និង iPhone 9 Plus។

លោកអ្នកប្រាកដជាចង់ដឹងហើយពីតម្លៃរបស់ iPhone ទាំង3 ហើយខាងក្រោមនេះ គឺជាការប៉ាន់ស្មានតម្លៃដែលយើងទើបតែទទួលបានក្នុងពេលថ្មីៗនេះ។

– iPhone 9: ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលស្ទើរតែគ្រប់គ្នាអាចទិញបាន ប្រាកដជាម៉ូដែលនេះ។ iPhone 9 មានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 6.1អ៊ីញ ប៉ុន្ដែជាប្រភេទ LCD។ កាមេរ៉ាក្រោយគឺមានតែមួយប៉ុណ្ណោះ ហើយគ្មានមុខងារ Portrait mode ទេ។ សម្រាប់តម្លៃវិញ អាចនឹងខ្ទង់ $700 ប្រហាក់ប្រហែលទៅនឹង iPhone 8 នាពេលបច្ចុប្បន្នដែរ។

– iPhone X (2018): សម្រាប់ជំនាន់ថ្មីឆ្នាំ2018 នៃ iPhone X ត្រូវបានគេជឿថានឹងទទួលបានការអភិវឌ្ឍន៍ទាំងផ្នែកខាងក្នុង និងខាងក្រៅ។ អ្វីដែលអស្ចារ្យបំផុតនោះ គឺតម្លៃក៏ទាបជាងមុនដែរ ពោលគឺខ្ទង់ $900 ប៉ុណ្ណោះ។

– iPhone 9 Plus: សម្រាប់ម៉ូដែលនេះ គឺធំជាងគេតែម្ដង ហើយយោងតាមពាក្យចចាមអារាម អេក្រង់របស់ iPhone 9 Plus អាចនឹងមានទំហំដល់ 6.5អ៊ីញឯណោះ ប្រភេទ AMOLED ថែមទៀតផង។ ចំណែកឯតម្លៃវិញ គឺខ្ទង់ $1,000 ឡើង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ម៉ូដែលទាំង3 អាចនឹងទទួលបានបច្ចេកវិទ្យា Face ID ថ្មីដែលជំនួសឲ្យ Touch ID ថែមតៀតផង។ អាចនិយាយបានថា នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលក្រុមហ៊ុន Apple សម្រេចទម្លាក់ថ្លៃលើ iPhone របស់ខ្លួនបែបនេះ។ លើសពីនេះទៅទៀត សម្រាប់ម៉ូដែល iPhone 9 Plus ដែលមានភ្ជាប់មកជាមួយនឹងអេក្រង់ប្រភេទ AMOLED នឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ា2 រឺ 3ទៀតផងនាផ្នែកខាងក្រោយ។

 

Fu

ប្រភព៖ Phonearena