ឆ្ងល់អត់ ពេលកូនៗធ្វើខុស ហេតុអីចាស់ៗចូលចិត្តប្រើអំបោសស្លាបមាន់មកវាយកូន? តើអំបោសស្លាបមាន់មានប្រវត្តិតាំងពីពេលណា?

ជាទូទៅយើងតែងសង្កេតឃើញថា គេប្រើប្រាស់អំបោសរោមសត្វ ឬអ្នកខ្លះនិយមហៅថា អំបោសស្លាបមាន់ សម្រាប់បោស សម្អាតធូលីនៅលើវត្ថុផ្សេងៗ ហើយជាពិសេសគឺបោសសម្អាតគ្រឿងសង្ហារឹម។ យ៉ាងណាក្តី នៅក្នុងប្រទេសចិនឯនោះវិញ អំបោសប្រភេទនេះមិនត្រឹមតែត្រូវបានគេប្រើសម្រាប់បោសសម្អាតប៉ុណ្ណោះទេ តែឪពុកម្តាយជាច្រើនបានប្រើប្រាស់វាសម្រាប់ វាយកូនៗរហូតសកម្មភាពនេះបានក្លាយទៅជាវប្បធម៌នៅក្នុងគ្រួសារចិនភាគច្រើនផងដែរ។ អ្នកដឹងទេថា តើអំបោសរោមសត្វនេះមានប្រវត្តិយ៉ាងណា? ហេតុអ្វីបានជាគ្រួសារចិនប្រើប្រាស់វាសម្រាប់វាយ (ជាការដាក់ទណ្ឌកម្ម) កូនៗរបស់ពួកគាត់?

បើយោងតាមសារព័ត៌មាន Nextshark បានធ្វើការចុះផ្សាយថា អំបោសរោមសត្វមានប្រភពដើមមកពីប្រទេសចិន ហើយវាត្រូវបានគេបង្កើតឡើងនៅជំនាន់រាជវង្សសៀរ (Xia Dynasty)។ អ្នកបង្កើតអំបោសនេះដំបូងគឺលោក Little Kang ហើយមូលហេតុដែលជំរុញឲ្យគាត់បង្កើតអំបោសនេះគឺបានកើតឡើង ក្រោយពេលដែលគាត់បានឃើញបក្សីម្យ៉ាង ដែលមានឈ្មោះថា Pheasant បានរងរបួសដើរតាមផ្លូវ ហើយខណៈនោះនៅតាមផ្លូវ ដែលបក្សីនោះបានដើរគឺមានលក្ខណៈស្អាតល្អដូចជាមានការបោសសម្អាតអីចឹង។​

មូលហេតុនេះក៏បានបំផុសគំនិតគាត់ឲ្យផលិតអំបោសនេះឡើងសម្រាប់ធ្វើការបោសសម្អាតធូលី។ ក្រោយមកអំបោសរោមសត្វទទួលបានការពេញនិយមនៅក្នុងចំណោមគ្រួសារចិនគឺស្ទើរតែគ្រប់គ្រួសារមានអំបោសនេះ។ ដោយក្នុងគ្រួសារចិនមានច្បាប់វិន័យត្រឹមត្រូវគឺកូនណាមិនស្តាប់បង្គាប់ឪពុកម្តាយ ឬធ្វើខុសច្បាប់គ្រួសារនោះ អំបោសនេះបានក្លាយទៅជាវត្ថុសម្រាប់វាយកូនៗទៀត ព្រោះតែពេលឪពុកម្តាយខឹងកូន និងចង់វាយកូនម្តងៗ អំបោសនេះគឺតែងនៅក្បែរដៃរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ងាយស្រួលរក និងរកវាបានលឿនបំផុត សម្រាប់មកវាយកូនឲ្យទាន់ចិត្តកំពុងខឹង។ ហើយក្រោយមការប្រើប្រាស់អំបោសរោមសត្វសម្រាប់វាយកូនៗ ក៏បានក្លាយជាវប្បធម៌នៅក្នុងចំណោមគ្រួសារចិនតែម្តង៕


អត្ថបទ៖ ភក្តី

ប្រភព៖ nextshark