ចិន៖ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ពេលនេះចិនបានដើរទៅមុខជំហ៊ានទៀតហើយការក្នុងការប្រើប្រាស់បច្ចេកវិទ្យាលើការដាំដុះដំណាំកសិកម្ម។ បច្ចេកវិទ្យាសម្រាប់ការដាំដុះថ្មីនេះត្រូវបានគេហៅថា Sanan Sino-Science ដែលអនុញ្ញាតឲ្យគេអាចធ្វើការដាំដុះបន្លែនៅក្នុងអគារបានយ៉ាងល្អ​ ដូចការដាំដុះនៅតាមកសិដ្ឋានធម្មតាអីចឹង។ ក្រុមហ៊ុនដែលបានវិនិយោគលើគម្រោងបច្ចេកវិទ្យាកសិកម្មនេះ មានផ្ទៃដីដាំដុះសរុបចំនួន ៥,០០០ ម៉ែត្រការ៉េ ក្នុងអគារមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Fujian ភាគខាងជើងប្រទេសចិន។

បើតាមតំណាងរបស់ក្រុមហ៊ុនមួយនេះបានប្រាប់ឲ្យដឹងថា បច្ចេកវិទ្យាថ្មីនឹងអនុញ្ញាតឲ្យគេធ្វើការដាំដុះបានលឿន និងប្រមូលទិន្នផលបានច្រើន​ក្នុងផ្ទៃដីតូច ព្រោះគេអាចដាំដំណាំនៅពីលើគ្នាបានជាច្រើនជាន់ថ្នាក់។ ចំពោះរយៈពេលនៃការប្រមូលផលវិញ គឺគេអាចប្រមូលផលបានក្នុងរយៈពេល១៨​ថ្ងៃ សម្រាប់បន្លែខ្នាតតូច តែសម្រាប់បន្លែខ្នាតធំអាចប្រើពេលដល់ ៣៣ ទៅ ៣៥ ថ្ងៃ។ ចំពោះទិន្នផលសរុបវិញគេអាចប្រមូលបានចន្លោះពី ៣,០០០ តោន ទៅ ៣,៥០០ តោន ក្នុងមួយឆ្នាំ ដែលបរិមាណនេះអាចផ្គត់ផ្គង់អ្នកប្រើប្រាស់បានចំនួន ៣៦​,០០០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ nextshark