ទីបំផុត Kovacic មកដល់តោខៀវ Chelsea ហើយ

58

ខ្សែបម្រើ Mateo Kovacic បានផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ហើយនៅមុនបន្ដិចក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Real Madrid ក្នុងរយៈពេល 1 រដូវកាល។

ការចាកចេញខ្សែបម្រើសញ្ជាតិក្រូអាតនេះមកកាន់ក្លឹបតោខៀវ Chelsea គឺដើម្បីមានឱកាសបង្ហាញខ្លួនច្រើននៅលើទីលាន ខណៈដែលរដូវកាលមុន Kovacic បង្ហាញខ្លួនបានតែ 9 ដងតែប៉ុណ្ណោះក្រោមការដឹកនាំរបស់ Zidane នៅឯ Real Madrid។ ការមកដល់ Chelsea ដែលជាក្លឹបថ្មីរបស់គេនេះ Kovacic សង្ឃឹមថារូបគេនឹងមានដំណែងមួយដ៏ល្អសាកសមនៅក្នុងទឹកដី Stamford Bridge ជាពិសេសការបង្ហាញខ្លួនជាមួយនឹងក្លឹប។

ខ្សែបម្រើ Mateo Kovacic គឺជាកីឡាករចុងក្រោយរបស់ក្លឹបតោខៀវ Chelsea បានផ្ទេរនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅក្នុងប្រទេសអង់គ្លេសនឹងបញ្ចប់នៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍នេះ។

Kovacic បាននិយាយប្រាប់ក្លឹបថា៖ ខ្ញុំពិតជាសប្បាយរីករាយនិងរំភើបក្នុងការមកទីនេះ (Chelsea)។ វាគឺជាអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពសំរាប់ក្លឹបនេះ។ វាជាលីគថ្មីមួយសម្រាប់ខ្ញុំហើយការចាប់ផ្តើមដំបូងតែងតែលំបាកប៉ុន្តែខ្ញុំប្រាកដថាគ្រូបង្វឹកនិងមិត្តរួមក្រុមរបស់ខ្ញុំនឹងជួយខ្ញុំ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំរដូវកាលដ៏អស្ចារ្យមួយនេះមកដល់។

បុត្រ

ប្រភព៖ Goal