ម៉ាអេម! Galaxy Note 9 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងមុខងារខ្លាំងៗជាច្រើន

កាលពីយប់មិញនេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េ គឺក្រុមហ៊ុន Samsung បានធ្វើការបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនត្រកូល Note របស់ខ្លួន គឺ Galaxy Note 9 ជាមួយនឹងកំណែ update បន្ថែម និងកែប្រែកំហុសឆ្គងមួយចំនួន ដែលមាននៅលើ Note 8។

+ រូបរាង៖

Galaxy Note 9 មានរូបរាងស្ទើរតែទាំងស្រុងស្រដៀងទៅនឹង Note 8 ដោយសារតែក្រុមហ៊ុន Samsung ផ្តោតសំខាន់លើ Software ខាងក្នុងជាជាង Hardware។ ហើយអ្វីដែលខុសប្លែកពី Note 8 នោះគឺ កន្លែងស្គែនក្រយ៉ៅ បានប្តូរមកនៅក្រោមកាមេរ៉ាវិញ ដើម្បីងាយស្រួលស្គែន និងកុំឲ្យប៉ះចំកាមេរ៉ានៅពេលស្គែន។ ចំណែកឯខាងមុខវិញ Note 9 មានចង្ការខ្លីជាង Note 8 ដូច្នេះធ្វើឲ្យទំហំអេក្រង់រីកធំរហូតដល់ ៦.៤អ៊ីញឯណោះ។

+ S Pen៖

សម្រាប់ប៊ិច S Pen របស់ Galaxy Note 9 នៅឆ្នាំនេះ ត្រូវបានក្រុមហ៊ុន Samsung បំពាក់បច្ចេកវិទ្យា Bluetooth និងបន្ថែមមុខងារឲ្យជាច្រើនទៀតដូចជាអាចប្រើសម្រាប់ចុចថតរូបបាន បញ្ជាតន្ត្រី ដោះសោរទូរស័ព្ទ និងប្រើសម្រាប់បើកកម្មវិធីផងដែរ។ ហើយប៊ិច S Pen សាកថ្មមួយពេញចំណាយពេលមិនដល់១នាទីផង ដោយគ្រាន់តែស៊កប៊ិចចូលក្នុងរន្ធប៊ិច វានឹងសាកដោយស្វ័យប្រវត្តិ ហើយសាកថ្មមួយពេញប្រើបានរហូតដល់៣០នាទីឯណោះ ក្រោយពីអស់ថ្ម ប៊ិចនេះក៏នៅតែអាចដំណើរការបានដូចជាសរសេរ ឬក៏គូររូបជាដើម។

+ កាមេរ៉ា៖

សម្រាប់កាមេរ៉ាភ្លោះនៅខាងក្រោយរបស់ Note 9 វិញ វាមានកំរិតចាប់យករូបភាពដូច S9 ដែរ ប៉ុន្តែវាមានមុខងារ AI សម្រាប់សម្គាល់វត្ថុ ហើយកែប្រែពណ៌ និងមុខងារកាមេរ៉ាទៅតាមវត្ថុ ដែល AI ស្គាល់។

+ ថ្ម និងតម្លៃ៖

Galaxy Note 9 មានទំហំថ្មយក្សរហូតដល់ទៅ 4,000mAh ដែលអាចរត់បានពេញមួយថ្ងៃយ៉ាងស្រួល ហើយ Samsung ក៏បានបង្ហាញឆ្នាំងសាកឥតខ្សែបានច្រើនគ្រឿងក្នុងពេលតែមួយ Wireless Charger Duo ដែលអាចសាកថ្មល្បឿនលឿនបានស្មាតហ្វូន២គ្រឿងក្នុងពេលតែមួយផងដែរ។ ចំណែកឯតម្លៃវិញ នៅទីផ្សារបរទេសសម្រាប់ម៉ូដែល 128GB មានតម្លៃ $999.99 និងម៉ូដែល 512GB តម្លៃ $1,249.99 ហើយដាក់លក់នៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ androidauthority