មិនមែនលំៗទេ! លោកតាអាយុ៧០ឆ្នាំប្រើទូរស័ព្ទម្តង១១គ្រឿង ដាក់តាមកង់ជិះលេងហ្គេម Pokemon Go គ្រប់ទីកន្លែង

តៃវ៉ាន់៖ លោកតាជនជាតិតៃវ៉ាន់ម្នាក់បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីគាត់បានប្រើប្រាស់ទូរស័ព្ទចំនួន១១គ្រឿង ភ្ជាប់នៅលើកង់មួយ និងបានជិះគ្រប់ទីកន្លែង ដើម្បីលេងហ្គេម Pokemon Go។ លោកតារូបនេះមានឈ្មោះថា Chen San-yuan មានអាយុ៧០ឆ្នាំ និងមានជំងឺបែបមនុស្សចាស់ (ភ្លេចច្រើន រង្វេងច្រើន គ្មានកម្លាំង ឈឺច្រើន) ប្រចាំកាយផងដែរ។ លោកតាបានប្រាប់ថា នៅឆ្នាំ ២០១៦ គាត់បានចាប់ផ្តើមលេងហ្គេមនេះដោយដើរចាប់ Pokemon នៅក្បែរផ្ទះរបស់គាត់ ហើយគាត់ក៏បានយល់ឃើញថា សកម្មភាពនាំឲ្យគាត់សប្បាយចិត្ត បែកញើសស្រួលខ្លួន និងមានសុខភាពល្អប្រសើរជាងមុន។

ចាប់តាំងពីពេលនោះមក គាត់បានជ្រើសរើសសកម្មភាពនេះជាទម្លាប់ប្រចាំថ្ងៃរបស់គាត់។ គិតមកទល់នឹងពេលនេះ គាត់បានប្រើប្រាស់ទូរស័ព្ទចំនួន១១គ្រឿង ភ្ជាប់នៅលើកង់មួយមានដុំសាកថ្ម ដែលអាចផ្តល់ថាមពលដល់ទូរស័ព្ទដល់ទៅ ២០ ម៉ោង ដើម្បីជិះកង់តាមចាប់ Pokemon គ្រប់ទីកន្លែង។ លោកតាបានឲ្យដឹងដែរថា ពេលខ្លះគាត់ជិះកង់តាមចាប់ Pokemon រហូតល់ម៉ោង ៤ ភ្លឺក៏មានដែរ។ ជាធម្មតាលោកតាបានធ្វើសកម្មភាពលេងហ្គេមនេះពី ៥ ទៅ ៦ដងក្នុងមួយសប្តាហ៍ និងត្រូវចំណាយប្រាក់ប្រមាណជា ១៥០០ ដុល្លារក្នុងមួយខែ ចំពោះការទិញហ្គេមថ្មីៗ និងចំណាយផ្សេងៗពេលលេងហ្គេមនេះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail