កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy Note 9 ដែលមានរូបរាងស្រដៀងនឹង Galaxy Note 8 ប៉ុន្តែក៏មានចំណុចខុសគ្នាច្រើនផងដែរ។ Galaxy Note 9 ដាក់លក់ជាផ្លូវការនៅថ្ងៃទី២៤ ខែសីហា ខាងមុខនេះ តោះឥលូវយកមកមើលគ្រឿងក្នុងរបស់ស្មាតហ្វូននេះទាំងអស់គ្នា។

Galaxy Note 9 មានកម្លាំងថ្មខ្លាំងជាង Note 8 ទៅទៀត ប៉ុន្តែទំហំថ្ម ដែលវិមាត្ររបស់វានៅក្នុងម៉ាស៊ីនគឺប៉ុនគ្នានឹង Note 8 ដែរ ដូច្នេះមានន័យថា ទំហំ និងរូបរាងស្រដៀងគ្នានឹងម៉ូដែលមុន ប៉ុន្តែកម្លាំងផ្ទុកថាមពលខ្លាំងជាងមុន។

ចំណែកឯរន្ធ S Pen នៅលើ Note 9 មានភាពរឹងមាំជាង និងមិនងាយបែកឡើយ។ រន្ធដោត USB-C ងាយស្រួលដោះដូរ និងមានតម្លៃថោកផងដែរ ព្រោះពេលចង់ដោះដូរ មិនចាំបាច់ដោះ motherboard ទាំងមូលឡើយ។ ហើយ motherboard របស់ Note 9 មានទំហំតូចជាងស៊េរី Note 8 ប៉ុន្តែទំហំ Speaker ធំជាងវិញ ដែលវានឹងជះសំឡេងចេញក្រៅបានលឺល្អជាងមុនផងដែរ។

អ្វីកាន់តែចាប់អារម្មណ៍នោះគឺ គ្រឿងក្នុងរបស់ Note 9 ត្រូវបានផលិតយ៉ាងល្អ ដើម្បីបំលែងកំដៅ ដោយប្រើបច្ចេកវិទ្យាថ្មីចុងក្រោយ កុំឲ្យម៉ាស៊ីនប្រើប្រាស់យូរឡើងកំដៅខ្លាំង។ សរុបសេចក្តីមក រូបរាងខាងក្រៅរបស់ Note 9 មើលមួយភ្លែតស្រដៀងគ្នានឹង Note 8 ប៉ុន្តែគ្រឿងក្នុងខុសគ្នាដាច់ ដោយសារតែគ្រឿងក្នុង Note 9 ត្រូវបានកែប្រែឲ្យល្អជាងមុន និងជាពិសេសងាយស្រួលដោះដូរ ឬជួសជុល និងចំណាយថ្លៃជួសជុលអស់តិចជាងមុនផងដែរ៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena