Everton ពិតជាមិនធម្មតា! ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅអង់គ្លេស Everton ផ្ទេរកីឡាករ Barcelona ម្ដង 2 នាក់តែម្ដង

38

ក្លឹបស្ករគ្រាប់ Everton បានបញ្ជាក់អំពីការមកដល់របស់ខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes នៅទឹកដី Everton បន្ទាប់ពីក្លឹបរបស់លីគកំពូលអង់គ្លេសមួយនេះបានផ្ទេរកីឡាករទាំងពីរពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករប្រទេសអង់គ្លេសបិទទ្វារ។

ខ្សែការពារកណ្ដាលរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Yerry Mina បានផ្ទេរចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Everton នៅក្នុងតម្លៃផ្ទេរ 30លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹប Everton។ ការមកដល់របស់ Yerry Mina បានធ្វើឲ្យខ្សែការពារសញ្ជាតិកូឡុំប៊ីរូបនេះប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងជួយ Everton ឲ្យអស់ពីសមត្ថភាព បន្ទាប់ពីខ្សែការពាររូបនេះបរាជ័យក្នុងការស្វែងកៅអីជម្រើសដំបូងនៅឯក្លឹបអ្នកមានបុណ្យ Barcelona។

ដូចគ្នានឹងការមកដល់របស់ Mina នៅឯ Everton នេះខ្សែបម្រើ Andre Gomes ក៏ត្រូវបានក្លឹប Everton ផ្ទេរពីក្លឹប Barcelona មកកាន់ទឹកដី Goodison Park ដូចគ្នាប៉ុន្ដែក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Barcelona ត្រឹមតែមួយរដូវកាលតែប៉ុណ្ណោះ។ ក្នុងរយៈពេលដែល Everton ខ្ចីជើង Gomes មកកាន់ទឺកដីអង់គ្លេសនោះ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹប Everton ក្នុងមួយ 2.25លានអឺរ៉ូ ក្នុងរយៈពេល 1 ឆ្នាំដែល Everton បានខ្ចីជើងពី​ Barcelona។

គួរបញ្ជាក់ឡើងវិញដែរថា Everton បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ ដោយក្លឹបអង់គ្លេសមួយនេះបានផ្ទេរកីឡាករពីរនាក់ពីក្លឹប Barcelona មកកាន់ទឹកដី Goodison Park។

បុត្រ

ប្រភព៖ Goal