ដំណឹងល្អ! បេក្ខជនទាំងអស់ ដែលបាននិទ្ទេស A ដល់ E និងបេក្ខជនបាននិទ្ទេស F មុខវិជ្ជាធំៗ អាចដាក់ពាក្យប្រឡងចូលសាលាតិចណូ សិនបាន

បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រកាសជាផ្លូវការនាថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែមានភាពមិនប្រក្រតី ដោយបេក្ខជនភាគច្រើនបានធ្លាក់មុខវិជ្ជាធំៗជាច្រើន ជាពិសេសមុខវិជ្ជាគណិតវិទ្យា ដែលសូម្បីតែបេក្ខជនសិស្សពូកែគណិតក៏ធ្លាក់មុខវិជ្ជានេះដែរ។ ក្រោយកើតមានភាពមិនប្រក្រតីនេះ បេក្ខជនជាច្រើនបាននាំគ្នាធ្វើការតវ៉ាឲ្យក្រសួងពិន្ទុមើលកំណែវិញ្ញាសារឡើងវិញ ដោយសារតែមុខវិជ្ជាទាំងនោះមានសារៈសំខាន់សម្រាប់បេក្ខជនក្នុងការប្រឡងចូលរៀនបន្តនៅតាមបណ្តាសកលវិទ្យាល័យផ្សេងៗ។

ដើម្បីឲ្យមានភាពងាយស្រួល ក្រសួងអប់រំ យុវជន និងកីទ្បា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានសម្រេចអនុញ្ញាតឱ្យបេក្ខជនគ្រប់រូប ដែលបានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ សម័យប្រឡង ២០ សីហា ២០១៨ ទាំងវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ទាំងអស់អាចមកទិញ និងដាក់ពាក្យបាន នេះរាប់បញ្ចូលទាំងបេក្ខជនជាប់និទ្ទេស A-E និងបេក្ខជនបាននិទ្ទេស F លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យា ដើម្បីប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឆ្នាំសិក្សា២០១៨-២០១៩ ទាំងបរិញ្ញបត្រ និង បរិញ្ញបត្ររងវិស្វកម្ម ។

បញ្ជាក់ ៖ បេក្ខជនទាំងទ្បាយណា ដែលបានដាក់ស្នើអាហារូបករណ៍ក្រសួងអប់រំ យុវជន និងកីទ្បា (ដាក់នៅអំឡុងពេលសិក្សាថា្នក់ទី ១២) ហើយបាននិទ្ទេស F ចំនួនចាប់ពីមួយឡើយទៅលើមុខវិទ្យាវិទ្យាសាស្រ្តទាំងបីខាងលើ នោះបេក្ខជនទាំងឡាយនោះ ពុំអាចទទួលអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និង កីទ្បា បានឡើយ៕

សេចក្តីជូនដំណឹង,សមាគមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖…

Posted by សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាណត្តិទី២៥ on Monday, 10 September 2018

អត្ថបទ៖ សេម
ប្រភព៖ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាអាណត្តិទី២៥