ក្រសួងអប់រំ នឹងរៀបចំគណៈកម្មការ​កោសល្យវិច័យ ដើម្បីពិនិត្យមើលលទ្ធផលប្រឡងឡើងវិញ

ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបបានបញ្ចប់ទៅ ក៏កើតមានភាពមិនប្រក្រតីកើតឡើង ដោយបេក្ខជនជាច្រើនបានធ្លាក់មុខវិជ្ជាធំៗ ជាពិសេសមុខវិជ្ជាគណិតវិទ្យា ហើយសូម្បីតែសិស្សពូកែគណិតក៏ធ្លាក់មុខវិជ្ជានេះដែរ។ បន្ទាប់ពីកើតមានភាពមិនប្រក្រតីនេះ ក៏មានការតវ៉ាជាច្រើនពីសំណាក់បេក្ខជនផងដែរ។

ដើម្បីឆ្លើយតបនឹងភាពមិនប្រក្រតីនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។ គណៈកម្មការ​កោសល្យ​វិច័យ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍៕

អត្ថបទ៖ សេម