សំណាងមែន! កម្មករក្នុងអណ្តូងរ៉ែមួយកន្លែងជីកបានមាសមួយដុំទម្ងន់ជាង ៩០ គីឡូក្រាម និងមានតម្លៃខ្ទង់លានដុល្លារ

អូស្ត្រាលី៖ មាសមួយដុំធំទម្ងន់ជាង ៩០ គីឡូក្រាម ត្រូវបានគេរកឃើញនៅក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងក្នុងប្រទេសអូស្ត្រាលី ហើយវាបានក្លាយទៅជាដុំមាសធំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។ បើយោងតាមលោក Henry Dole ប្រធានក្រុមការងារនៅក្នុងអណ្តូងរ៉ែខាងលើបានប្រាប់ឲ្យដឹងថា ដុំមាសដ៏ធំនេះត្រូវការមនុស្ស៣នាក់ ដើម្បីលើកវាចេញមកពីក្នុងដី ហើយវាមានតម្លៃប្រមាណជា ៣ លានដុល្លារ។

បើគិតមកទល់នឹងពេលនេះ គេអាចជីយកដុំមាសសរុបប្រមាណជា ៤០ តោន ហើយពីក្នុងអណ្តូងរ៉ែមួយនេះ ដែលក្នុងនោះមានទាំងមាសល្អ មិនសូវល្អ តូច ធំ គ្រប់ប្រភេទ និងបើគិតជាទឹក​ប្រាក់វិញគឺមានតម្លៃ ប្រមាណជាជាង ១៣ លានដុល្លារ។ បើធ្វើការប្រៀបធៀបជាមួយនឹងអណ្តូងរ៉ែផ្សេងទៀត គេអាចមើលឃើញថា ​អណ្តូងរ៉ែខាងលើនេះហាក់ផ្តល់ទ្រព្យសម្បត្តិច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីមួយ។ ពេលនេះ ក្រុមការងារក្នុងអណ្តូងរ៉ែខាងលើកំពុងដុតដៃដុតជើងធ្វើការជីកយករ៉ែបន្ថែមទៀត ព្រោះគេជឿថានៅក្នុងតំបន់នេះអាចនឹងមានមាសច្រើនទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail