Apple ដាក់បង្ហាញ iPhone ស៊េរីថ្មីរបស់ខ្លួន ម្តង៣ម៉ូដែលកាលពីយប់មិញ

កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ក្រុមហ៊ុន Apple បានប្រកាសធ្វើការប្រកាសជាផ្លូវការនូវបងប្អូនត្រកូល X ទាំង៣ម៉ូដែលរបស់ iPhone ដែលមាន iPhone Xs, Xs Max និង Xr ។ សម្រាប់ iPhone ទាំង៣ម៉ូដែលមានរូបរាងខុសគ្នាបន្តិចបន្តួច ហើយតម្លៃក៏រាងធូរថ្លៃដូចអ្វីដែល Apple បានប្រកាសកាលពីពេលកន្លងមកដែរ។ លក្ខណៈពិសេសរបស់ iPhone Xs និង Xs Max បំពាក់ដោយអេក្រង់ប្រភេទ Super Retina OLED មានដង់ស៊ីតេ 458ppi កំរិតបង្ហាញរូបភាព HDR Display ល្បឿនក្នុងការ Touch 120Hz touch-sensing និងអេក្រង់ True Tone ។

ហើយ iPhone Xs Max និង Xs ក៏មានរន្ធបំពងសំឡេងប្រភេទ Stereo ដូចជំនាន់ៗផងដែរ។ iPhone ២ម៉ូដែលនេះប្រើប្រាស់បន្ទះឈីប A12 Bionic រីឯថាមពលថ្មវិញ iPhone Xs អាចប្រើប្រាស់បានយូរជាង iPhone X ដល់ទៅ 30នាទី និង Xs Max លើសដល់មួយម៉ោងកន្លះ។ អ្វីដែលកាន់តែពិសេសនោះ គឺ iPhone Xs និង Xs Max អាចប្រើប្រាស់ស៊ីមកាតបានពីរក្នងពេលតែមួយផងដែរ។ ហើយវាក៏អាចច្រមុជចូលទឹកបាន ជម្រៅ1.5ម៉ែត រយៈពេល 30នាទី ជាមួយ IP68 ។

ក្រឡេកមកមើល iPhone Xr វិញ ដែលជា iPhone មានតម្លៃធូរថ្លៃនោះ បានបំពាក់នូវ អេក្រង់ Liquid Retina LCD Display ទំហំ 6.1អ៊ីញ Resolution 1792 x 828 ដង់ស៊ីតេ 326ppi រូបរាងរបស់វាតូចជាង iPhone 8 Plus តែទំហំអេក្រង់គឺធំជាង។ Xr ប្រើប្រាស់បន្ទះឈីប A12 Bionic តែមានកាមេរ៉ាខាងក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ទំហំ 12megapixels ។ iPhone Xr អាចប្រើប្រាស់បានយូរជាង iPhone 8 Plus ដល់ទៅ 1ម៉ោងកន្លះ ម៉ូដែលកូនពៅមួយនេះក៏មានប្រព័ន្ធការពារជម្រាបទឹក និងធូលី IP67 ផងដែរ ។ និយាយពីទំហំអង្គចងចាំ ក៏ដូចជាតម្លៃរបស់ iPhone ស៊េរី X ទាំងបីនេះ ៖

iPhone Xr មានអង្គចងចាំ 64Gb / 128Gb / 256Gb តម្លៃចាប់ពី $749
iPhone Xs មានអង្គចងចាំ 64Gb / 256Gb / 512Gb តម្លៃចាប់ពី $999
iPhone Xs Max មានអង្គចងចាំ 64Gb / 256Gb / 512Gb តម្លៃចាប់ពី $1099

អត្ថបទ៖ ឧស្សាហ៍