បច្ចេកវិទ្យាស្កេនមុខដោះសោររបស់ទូរស័ព្ទ iPhone ជួយ FBI បំបែកសំណុំរឿងដ៏រសើបមួយ

បច្ចេកវិទ្យាស្កេនមុខដោះសោរទូរស័ព្ទមិនត្រឹមតែបានផ្តល់នូវភាពទំនើប និងសុវត្ថិភាពខ្ពស់ ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទប៉ុណ្ណោះទេ តែវាក៏បានត្រូវបានគេប្រើប្រាស់ ដើម្បីស៊ើបអង្កេតក្នុងករណីបទឧក្រិដ្ឋមួយចំនួនផងដែរ។ ជាក់ស្តែងក្រុមប៉ូលិស​ FBI បានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខនេះ ដើម្បីដោះស្រាយបទល្មើសព្រហ្មទណ្ឌ ដែលស្មុគស្មាញបំផុតមួយ។ ករណីមួយនេះគឺខាង FBI កំពុងស្វែងរកការពិតថា តើជនល្មើសម្នាក់បានធ្វើការចែកចាយវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈឬអត់។

ជនសង្ស័យបានប្រកែកថា គេមិនបានធ្វើរឿងដូចនេះទេ ហើយទូរស័ព្ទដែលគេប្រើប្រាស់ ដើម្បីចែកចាយរូបភាពអាសអាភាសនោះក៏មិនមែនជារបស់គេដែរ។ ដើម្បីរកការពិតក្នុងរឿងនេះខាងប៉ូលិស FBI បានយកទូរស័ព្ទ iPhone X មួយគ្រឿង ដែលជាវត្ថុតាំងទៅដាក់ចំមុខបុរសជនសង្ស័យ ដើម្បីរកការពិតថា ជនសង្ស័យអាចស្កេនមុខ ដើម្បីដោះសោរទូរស័ព្ទនេះបានឬអត់។ លទ្ធផលបានបង្ហាញថា ជនសង្ស័យអាចប្រើមុខរបស់គេ ដើម្បីដោះសោរទូរស័ព្ទដែលជាវត្ថុតាំងនោះបាន ដូចនេះគេអាចរកឃើញការពិតថាជនសង្ស័យពិតជាបានប្រព្រឹត្តិបទល្មើសដូចដែលគេចោទប្រកាន់មែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ theverge