ការសិក្សាបង្ហាញថា ការថតរូប Selfie មានសម្លាប់មនុស្សជាង២០០នាក់នៅជុំវិញពិភពលោក

ការសិក្សាមួយបានរកឃើញថា មានមនុស្សជាច្រើននៅជុំវិញពិភពលោកបានស្លាប់ ដោយសារតែព្យាយាមថតរូប Selfie។ បើគិតពីឆ្នាំ ២០១១ មកដល់ ២០១៧ មានជនរងគ្រោះចំនួន ២៥៩ នាក់បានស្លាប់ ហើយចំនួននេះទៀតសោធគឺរាប់តែចំនួនជនរងគ្រោះ ដែលគេប្រកាសជាផ្លូវការតាមប្រទេសនីមួយៗ និងមិនបានរាប់បញ្ចូលទាំងជនរងគ្រោះមួយចំនួនដែលបានស្លាប់ដោយមិនបានរាយការណ៍ជាផ្លូការនោះទេ។ ការសិក្សាបានរកឃើញទៀតថា ករណីស្លាប់នេះបានកើតឡើងច្រើនបំផុតគឺនៅក្នុងប្រទេសឥណ្ឌា ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នៅជំវិញពិភពលោកគឺមានមនុស្សស្រីច្រើនជាងបុរស ព្រោះតែមនុស្សស្រីចូលចិត្តថតរូបជាងមនុស្សប្រុស។

ការសិក្សាក៏បានរកឃើញដែរថា មូលហេតុចម្បងទី ១ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះ គឺការថតរូបនៅតាមឆ្នេរសមុទ្រ ឬនៅតាមទូក ហើយខណៈដែលមានរលកធំៗបោកបក់មកនោះក៏ត្រូវធ្លាក់ចូលទៅក្នុងទឹក និងលង់ទឹកស្លាប់តែម្តង។ ហេតុផលទី ២  គឺការព្យាយាមថតនៅមុខរថយន្តភ្លើង ដែលកំពុងបើកបរលឿនៗ ហើយក៏ត្រូវរថភ្លើងទាំងនោះបុកស្លាប់។ បន្ទាប់មកទៀតមានអ្នកខ្លះបានស្លាប់ព្រោះតែព្យាយាមថតរូបជាមួយសត្វសាហាវ ថតរូបជាមួយកាំភ្លើងហើយក៏ត្រូវកាំភ្លើងផ្ទុះស្លាប់ (ករណីនេះច្រើនកើតនៅអាមេរិក) អ្នកខ្លះបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ព្រោះតែព្យាយាមថតរូបពេលកំពុងបើកបររថយន្ត និងចុងក្រោយមានអ្នកខ្លះបានស្លាប់ដោយការធ្លាក់ពីលើអគារខ្ពស់ៗដែលពួកគេបានឡើងទៅថតរូប Selfie៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN