ប្រពៃណីខ្លាំងណាស់! ជប៉ុនផ្តល់ជំនួយរថយន្តក្រុង៤១គ្រឿង ហើយអរគុណពលរដ្ឋខ្មែរដែលបានជិះថែមទៀត

យោងតាមការបញ្ជាក់ពីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឲ្យដឹងថា រថយន្តក្រុងចំនួន 41 គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី1 ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី 9 ទៅ 13 ខ្សែរត់។

ត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន 39 គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន 80 គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ កម្មវិធីស្មាតហ្វូនសម្រាប់កំណត់ពីទីតាំងរថយន្តក្រុង និងការទូទាត់ងាយស្រួលដែលមានឈ្មោះថា “Weell” នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែមានភាពងាយស្រួល។ សូមប្រើប្រាស់រថយន្តក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

តម្លៃសំបុត្ររថយន្តក្រុងគឺ 1,500 រៀល។ អ្នកអាចជិះរថយន្តក្រុង និងបង់ថ្លៃសំបុត្ររថយន្តក្រុងក្នុងប្រអប់តាមច្រកចូលទ្វារមុខនៃរថយន្តក្រុងស្ថិតនៅក្បែរអ្នកបើកបរ។ មនុស្សចាស់ ជនពិការ កម្មកររោងចក្រ ស្ដ្រីមានផ្ទៃពោះ ព្រះសង្ឃ សិស្ស និស្សិត គ្រូបង្រៀន អត្តពលិក ជិះរថយន្តក្រុងដោយមិនគិតថ្លៃ។ តំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានថ្លែងអំណរគុណសម្រាប់ការប្រើប្រាស់រថយន្ដក្រុងដែលជាជំនួយពីរដ្ឋាភិបាលជប៉ុនផងដែរ៕

អត្ថបទ៖ សេម
រូបភាព៖ JICA Cambodia Office