ទីបំផុតក្លឹបបឹងកេតមានកីឡាដ្ឋានផ្ទាល់ខ្លួននឹងគេហើយ

កាលពីព្រឹកមិញនេះក្លឹបបឹងកេតដែលកំពុងតែប្រកបអាជីពនៅក្នុងលីគកំពូល Cambodian Metfone League បានធ្វើពិធីសែនព្រែនដើម្បីបើកការសាងសង់កីឡាដ្ឋានគម្រោងទី 1 របស់ក្លឹបហើយ បន្ទាប់ពីក្លឹបបឹងកេតបានស្នើសុំយកពហុកីឡាដ្ឋានជាតិធ្វើជាកីឡាដ្ឋានផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមក។

យោងតាមគេហទំព័ររបស់ក្លឹបបឹងកេតដែលបានបង្ហោះពីគម្រោងសាងសង់កីឡាដ្ឋានថ្មីផ្ទាល់ខ្លួនរបស់គេបានឲ្យដឹងថា៖ នៅព្រឹកថ្ងៃនេះថ្នាក់ដឹកនាំរបស់ក្លិបបានរៀបចំពិធីសែនព្រែនដើម្បី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានគម្រោងទី១របស់យើងដែល​មាន​ទីតាំងនៅ​​តំបន់បឹង​ស្នោ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ការ​សាង​សង់​គ្រោង​នឹង​បញ្ចប់​ឲ្យ​រួច​រាល់​មុន​រដូវ​កាល​ក្រោយ​ដើម្បី​​​​ត្រៀម​ស្វាគមន៍​ការ​ប្រកួត​លីគ​កំពូល​​ ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុនសែន ក៏​ដូច​ជា​ពាន​រង្វាន់​អន្ដរជាតិ​ផ្សេងៗ​​។ ក្រៅ​អំពី​ការចូល​រួម​​ទស្សនា​ការ​ប្រកួត​នានាក្នុង​ទឹក​ដី​របស់​យើង​នៅ​កីឡដ្ឋាន​ថ្មី​នេះ​​អ្នក​គាំ​ទ្រ​ក៏​​អាចរីក​រាយ​​​ទទួល​យក​​នូវ​បទពិសោធន៍​ថ្មី​ ជា​មួយ​​​​ការ​​ដើរ​កម្សាន្ត​ ទិញ​ទំនិញ​ផ្សេងៗ ទទួល​ទាន​​អាហារ​ឆ្ងាញ់​ៗ​ក្នុង​ភោជនីយដ្ឋាន​​​​​ដែល​មាន​ភាសុខភាព​ លេង​កីឡា ឬ​ហាត់​ប្រាណ​នៅកន្លែង​ Gym ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ផង​ដែរ។ 

គួរបញ្ជាក់ផងដែរថា៖ ពេលនេះក្លឹបដែលកំពុងប្រកបអាជីពក្នុងលីគកំពូលរបស់កម្ពុជាជាច្រើនបានចាប់ផ្ដើមសាងសង់កីឡាដ្ឋានផ្ទាល់ខ្លួនហើយ ខណៈដែលពេលនេះមានក្លឹបចំនួន 6 ហើយដែលមានកីឡាដ្ឋានផ្ទាល់ខ្លួនគឺមានដូចជាក្លឹប៖ Phnom Penh Crown, ក្រសួងការពារជាតិ, អាស៊ីអឺរ៉ុប, Western United, ព្រះខ័នរាជស្វាយរៀង និងក្លឹប Angkor Tiger។

បុត្រ

ប្រភពពី៖ Boeung Ket Football Club