ឥណ្ឌូនេស៊ីរងគ្រោះរញ្ជួយដីថែមមួយទៀតកាលពីព្រឹកមិញ បានសម្លាប់មនុស្សចំនួន៣នាក់

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦,០ រិចទ័រមួយ ដែលបានវាយប្រហារកោះ Java និង Bali របស់ឥណ្ឌូនេស៊ីកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១១ នេះ។ បើយោងតាមរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា អ្នកដែលស្លាប់ទាំង៣នាក់នោះ គឺពួកគេកំពុងតែគេងលង់លក់ក្នុងអំឡុងពេលមានគ្រោះរញ្ជួយដី ទើបធ្វើឲ្យគេមិនអាចរត់គេចខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពបានទាន់ពេលវេលា។ ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងក្នុងបរិវេណប្រមាណជា ៤០ គីឡូម៉ែត្រ​ និងធ្វើឲ្យរញ្ជួយដីក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ។

របាយការណ៍បឋមស្តីពីការខូចខាតបានឲ្យដឹងថា មានផ្ទះសម្បែងជាច្រើនរយខ្នងបានរងនូវការខូចខាត និងមនុស្សជាច្រើនរយនាក់ត្រូវបានជ​ម្លៀសនៅកាន់កន្លែងមានសុវត្ថិភាព។ គួររម្លឹកជូនថា កោះមួយនៃប្រទេសឥណ្ឌូនេស៊ីទើបតែរងការវាយប្រហារដោយរលកស៊ូណាមិ ដែលធ្វើឲ្យមានមនុស្សស្លាប់ជិត​ ២ ០០០ នាក់ និងបាត់ខ្លួនជាង ៥០០០ នាក់ ហើយរដ្ឋាភិបាលមិនទាន់ដោះស្រាយបញ្ហានោះរួចរាល់ផង ឥលូវស្រាប់តែមានបញ្ហារញ្ជួញដីមួយបន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ channelnewsasia