Xiaomi ឌឺ OnePlus កប់ៗតែម្តង តាមរយៈការចែកម៉ាស៊ីនគិតលេខឲ្យអ្នកចូលទិញ OnePlus 6T (មានវីដេអូ)

ក្រុមហ៊ុនចិន ស្មាតហ្វូត Xiaomi បានឆ្លៀតឱកាស នៅក្នុងព្រឹត្តិការណ៍របស់ OnePlus 6T ដោយបានចែកនូវម៉ាស៊ីនគិតលេខដល់អ្នកចូលរួម ហើយនៅលើប្រអប់ម៉ាស៊ីនគិតលេខនោះទៀត ក្រុមហ៊ុន Xiaomi បានសរសេរថា ” Do The Math “។ បើតាមការពិនិត្យមើលលើគណនី Twitter របស់ Poco India បានបង្ហាញថា Xiaomi Pocophone F1 បានប្រើប្រាស់បន្ទះឈីប Snapdragon 845 ដូចទៅនិង OnePlus 6T ដែរ ប៉ុន្តែតម្លៃរបស់ Poco F1 គឺដាក់លក់ត្រឹមតែ 20,999 រ៉ូពី ($283.83) ប៉ុណ្ណោះ ហើយ OnePlus 6T ដាក់លក់ក្នុងតម្លៃ 37,999 រ៉ូពី ($513) នៅក្នុងទីផ្សារប្រទេឥណ្ឌា ដែលនេះចង់បង្ហាញឲ្យអ្នកចង់ទិញ OnePlus 6T ឲ្យគិតលេខម្តងទៀត ព្រោះកម្លាំងម៉ាស៊ីនដូចគ្នា តែតម្លៃខុសគ្នាដាច់។

តែទោះយ៉ាងណាសម្រាប់ការប្រៀបធៀបនេះ វាមើលទៅមានសភាពខុសគ្នាឆ្ងាយសម្រាប់តម្លៃ ប៉ុន្តែបើយើងគិតទៅលើបច្ចេកវិទ្យាវិញតម្លៃសម្រាប់ស្មាតហ្វូនទាំង២នេះគឺវាពិតជាសាកសមហើយ ព្រោះថា Poco F1 មានតម្លៃទាប តែមិនមានលក្ខណៈសម្បត្តិពិសេសច្រើនដូច OnePlus 6T នោះឡើយ ការបំពាក់កញ្ចក់ផ្នែកខាងក្រោយ ប្រើប្រាស់អេក្រង់ប្រភេទ OLED ស្កេនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់ ទំហំ RAM និង អង្គចងចាំ ធំជាង Poco F1 ដាច់ឆ្ងាយតែម្ដង ។ ប៉ុន្តែយ៉ាងណាក៏នៅតែមានអ្នកខកចិត្តខ្លះដែរ ដែល OnePlus បានបំបាត់រន្ធដោតកាស 3.5មីលីម៉ែត្រ និងមានទំហំថ្មតូច៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority