ក្រុមហ៊ុន Huawei នៅតែរក្សាតំណែងលេខ២​​ ទោះបី អាមេរិកបិទមិនអោយចូលក្នុងទីផ្សារប្រទេសខ្លួនក៏ដោយ

តាមការប៉ាន់ប្រមាណថ្មីបំផុតពីក្រុមហ៊ុនស្រាវជ្រាវ​​ បានឱ្យដឹងថាទោះបីជាមានការហាមឃាត់ការលក់ផលិតផល​​ Huawei នៅលើទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន Huawei នៅតែរក្សាចំណាត់ថ្នាក់លេខរៀងទី២​ នៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោកកាលពីត្រីមាសមុន។ យោងតាមទិន្នន័យបឋមរបស់ IDC បានឱ្យដឹងថាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនបានដឹកជញ្ជូនសរុបចំនួន​​ ៣៥៥.២លានគ្រឿងក្នុងត្រីមាសទី ៣ នៃឆ្នាំ២០១៨ នេះ ដែលធ្វើឱ្យលទ្ធផលប្រចាំឆ្នាំមានការធ្លាក់ចុះ ៦%។ ទោះបីជាក្រុមហ៊ុន Samsung នៅតែជាអ្នកនាំមុខទីផ្សារស្មាតហ្វូនដែលមាន ២០,៣ភាគរយនៃការដឹកជញ្ជូនសរុបក៏ដោយ ក៏ការលក់បានរបស់ពួកគេបានធ្លាក់ចុះ ១៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយផ្គត់ផ្គង់បានត្រឹមតែ ៧២,២​ លានគ្រឿងប៉ុណ្ណោះ។

ក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តទទួលរងសម្ពាធដោយការខ្វះវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន​ ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ពិភពលោកសម្រាប់ស្មាតហ្វូន ដែលមានចំនួនប្រហែល ១/៣ នៃការដឹកជញ្ជូនទូទាំងពិភពលោក​ និងការប្រកួតប្រជែងដ៏តឹងតែងនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់ដូចជាប្រទេសឥណ្ឌា​ និងឥណ្ឌូណេស៊ី ដែលកំពុងត្រូវបានវាយលុកដោយស្មាតហ្វូនដូចជា Xiaomi, Oppo និង Vivo ។

ខណៈដែលអ្នកទិញកំពុងតែមានភាពមមាញឹកក្នុងការទិញនៅក្នុងរដូវកាលវិស្សមកាលនេះ ស្មាតហ្វូនចុងក្រោយរបស់​ Samsung (Galaxy S9 និង Note 9) ហាក់ដូចជាមិនសូវមានការភ្ញាក់ផ្អើលជាងស្មាតហ្វូនថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple (iPhone XS Max និង XR) ក្រុមហ៊ុន Huawei (Mate 20 series) ឬ OnePlus (6T) នោះទេ។

ក្នុងត្រីមាសទី២ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី២ ដោយនាំចេញទូរស័ព្ទដៃចំនួន ៥២លានគ្រឿង និងក្តាប់បានទីផ្សារទូរស័ព្ទស្មាតហ្វូនសរុបចំនួន ១៤.៦ ភាគរយ ដោយសារតែការលក់លើស៊េរី P20 និងម៉ាក Honour របស់ខ្លួន។ ចំណែកការចេញលក់ស្មាតហ្វូន Mate 20 Pro របស់ក្រុមហ៊ុន Huawei នាពេលថ្មីៗ​ដែលឈរឈ្មោះជាទូរស័ព្ទ Android ល្អបំផុតមួយនៅឆ្នាំ ២០១៨នេះ នឹងក្លាយជាដៃគូរប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple​ នៅលើទីផ្សារស្មាតហ្វូនក្នុងរដូវកាលឈប់សម្រាកនេះ។

អត្ថបទ៖ លីដា
ប្រភព៖​ forbes