បើចង់ជោគជ័យក្នុងការងារកុំភ្លេចសួរខ្លួន ៣ សំណួរនេះឲ្យបានញឹកញាប់

បុគ្គលិកធ្វើការងារនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋទាំងអស់ សុទ្ធតែមានបំណងប្រាថ្នាចង់បានភាពរីកចម្រើននៅកន្លែងការងារ ដូចជាទទួលបានបទពិសោធន៍ថ្មីៗ និងទទួលបានការដំឡើងតួរនាទីជាដើម។ យ៉ាងណាក្តី ភាពរីកចម្រើននេះអាចកើតឡើងបានលុះត្រាតែ បុគ្គលិកម្នាក់ៗចេះអភិវឌ្ឍន៍ខ្លួនឯងជាមុនសិន។ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងទទួលបានភាពជោគជ័យក្នុងអាជីពការងារ លោកអ្នកគួរព្យាយាមសួរសំណួរទាំង ៣ ខាងក្រោមនេះ មកកាន់ខ្លួនឯងឲ្យបានញឹកញាប់ ដើម្បីជាការក្រើនរម្លឹកខ្លួនឯងជាប្រចាំ។

១. តើនៅក្នុងខែនេះអ្នកចង់អភិវឌ្ឍន៍ជំនាញអ្វី?

-តាមរយៈសំណួរនេះចង់ដាស់តឿនឲ្យអ្នកត្រូវតែមានផែនការអភិវឌ្ឍខ្លួនឯងឲ្យមានភាពរីកចម្រើននៅលើ ជំនាញណាមួយនៅក្នុងខែនិមួយៗ។

២. តើនៅក្នុងខែនេះអ្នកទទួលបានភាពរីកចម្រើនលើជំនាញអ្វីខ្លះហើយ?

-បន្ទាប់ពីអ្នកអនុវត្តតាមចំណុចទីមួយរួច អ្នកត្រូវបន្តតាមដានខ្លួនឯង និងវាយតម្លៃខ្លួនឯងជាប្រចាំ ដើម្បីឲ្យច្បាស់ថា រហូតមកទល់នឹងពេលនេះខ្លួនឯងទទួលបានភាពរីកចម្រើនលើជំនាញណាខ្លះហើយ ក្នុងករណីអ្នករកឃើញថា ខ្លួនឯងស្ទើរលើជំនាញណាមួយត្រូវប្រឹងដុសខាត់បន្ថែម។

៣. តើអ្នកមានគម្រោងចែករំលែកជំនាញដែលខ្លួនមានយ៉ាងដូចម្តេច?

-ក្រោយពេលដែលអ្នកមានជំនាញថ្មីៗ និងសមត្ថភាពខ្ពស់ហើយ អ្នកត្រូវរិះរកវិធីចែករំលែក ឬបង្រៀនទៅកាន់អ្នកដទៃទៀត ដើម្បីបង្ហាញសមត្ថភាពខ្លួនឯងផង និងដើម្បីភាពរីកច្រើនរបស់ក្រុមហ៊ុន ឬស្ថាប័នផង។ ប្រសិនបើបុគ្គលិកម្នាក់សុទ្ធសុទ្ធតែបានអនុវត្តតាមវិធីខាងលើនេះ ទាំងពួកគេ និងក្រុមហ៊ុននឹងទទួលបានភាពជោគជ័យ យ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ cnbc