ឃើញធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីភ្លាម ក្រុមហ៊ុន Boeing រៀបចំប្រព័ន្ធឲ្យសញ្ញាពិសេសថ្មីមួយក្នុងយន្តហោះរបស់ខ្លួនភ្លែត ខ្លាចជួបរឿងដូចក្រុមហ៊ុន Lion Air

ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរ Boeing បានប្រកាសថា ខ្លួនកំពុងតែរៀបចំដាក់ដំឡើងប្រព័ន្ធឲ្យសញ្ញាប្រាប់ពីបញ្ហាផ្សេងៗរបស់យន្តឲ្យកាន់តែទំនើបជាងមុន ដើម្បីធានាថា អ្នកបើកបរយន្តហោះពិតជាទទួលបានព័ត៌មានត្រឹមត្រូវបំផុតអំពីបញ្ហាផ្សេងរបស់យន្តហោះមុននឹងធ្វើការហោះហើរ។ យន្តហោះដែលគេកំពុងតែរៀបចំដំឡើងប្រព័ន្ធនេះគឺជាប្រភេទយន្តហោះ 737 Max សេរីថ្មីបំផុតមួយ។ ការសម្រេចរៀបប្រព័ន្ធ ដូចខាងលើនេះ ត្រូវបានធ្វើឡើងក្រោយមានការសិក្សាមួយបានរកឃើញថា យន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះមានគ្រោះថ្នាក់ ព្រោះតែអ្នកបើកយន្តហោះទទួលបានព័ត៌មានមិនត្រឹមត្រូវពីប្រព័ន្ធបញ្ជារការហោះហើរ។

ហើយការអានព័ត៌មានស្តីពីល្បឿនខ្យល់មិនបានត្រឹមត្រូវនេះហើយ ទើបធ្វើឲ្យយន្តហោះរបស់ក្រុមហ៊ុន Lion Air ធ្វើការហោះហើរខុសពីល្បឿនខ្យល់ និងបានធ្លាក់ចូលក្នុងសមុទ្រតែម្តងក្រោយហោះហើរបានត្រឹមតែ ១៣ នាទីប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការធ្លាក់របស់យន្តហោះរបស់ក្រុមហ៊ុន Lion Air បានក្លាយទៅជាប្រធានបទក្តៅមួយសម្រាប់សារព័ត៌មាន និងបណ្តាក្រុមហ៊ុនផលិតយន្តហោះជាច្រើននៅជុំវិញពិភពលោក ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការស្វែងរកសាកសព ជនរងគ្រោះទាំង ១៨៩ នាក់នៅមិនទាន់បានបញ្ចប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail