ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចេញមុខបដិសេធក្រោយផ្អើលពេញហ្វេសប៊ុកថា ចិនកាប់ដាវនាំគ្នីគ្នាបង្កចលាចលនៅកំពង់សោម

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពមួយសន្លឹក ដោយមានការភ្ញាក់ផ្អើលថាជាជនជាតិចិនកាប់ដាវបង្ហាញខ្លួននៅលើទឹកដីខេត្តព្រះសីហនុ។ ក្នុងនោះផងនៅថ្ងៃនេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានធ្វើការបកស្រាយទៅលើករណីនេះថា៖

“ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពរាយការណ៍ជូនសាធារណៈជនសូមមេត្តាជ្រាបថា៖ កាលពីថ្មីៗកន្លងមកនេះមានសារព័ត៌មានមួយចំនួនតូចបានបង្ហោះថារូបភាពជនខាងក្រោមដែលមានសាក់រូបពេញខ្លួននេះគឺ ជាក្រុមចិននៅក្នុងប្រទេសកម្ពុជា តែ តាមពិតក្រុមទាំងនេះជាជនជាតិវៀតណាម។ ហើយម្ចាស់ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗបានបង្ហោះរូបក្រុមនេះធ្វើសកម្មភាពបង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ជាអកុសលត្រូវសារព័ត៌មានមួយក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរយើងអោយអាប់អួរមិនស្រាកស្រាន្ត។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមគោរពរាយការណ៏ជូនដល់សារធាណៈមេត្តាយកចិត្តដាក់ពិនិត្យអោយបានច្បាស់លាស់មុននិងវាយតម្លៃ និងសូមអោយបងប្អូនជនរួមជាតិមេត្តាមានស្មារតីខ្ពស់ក្នុងការលើកតំកើងថែរក្សាកិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងទាំងមូល។ សូមអរគុណ”៕

អត្ថបទ៖ ណារ៉ែន