គណនីចំនួន១០០លានរបស់គេហទំព័រសំណួរនិងចម្លើយ Quora ត្រូវបានវាយលុកពី Third Party

គេហទំព័រសំណួរនិងចម្លើយ Quora បានឱ្យដឹងកាលពីថ្ងៃចន្ទទី៣ ខែធ្នូថាទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួនប្រហែល ១០០លានគណនីបានរងផលប៉ះពាល់ដោយការរំលោភបំពានលើសន្តិសុខ។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Adam D’Angelo បង្ហោះលើប្លុកមួយថាការរំលោភលើសន្តិសុខត្រូវបានរកឃើញកាលពីថ្ងៃសុក្របន្ទាប់ពី « third party » បានការវាយលុកចូលគណនីប្រើប្រាស់ដោយគ្មានការអនុញ្ញាតក្នុងប្រព័ន្ធមួយរបស់ពួកគេ។ យ៉ាងណាមិញការឈ្លានពាននេះមិនបានប៉ះពាល់ដល់សំណួរនិងចម្លើយដែលត្រូវបានសរសេរដោយជនអនាមិកនៅលើផេកនេះទេ។

Quora បានឱ្យដឹងថាខ្លួនកំពុងស្ថិតនៅក្នុងដំណើរការជូនដំណឹងដល់អ្នកប្រើប្រាស់ដែលទិន្នន័យត្រូវបានដោះស្រាយរួចរាល់ ហើយអ្នកប្រើដែលទទួលរងផលប៉ះពាល់ ត្រូវបាន Log out ហើយពាក្យសម្ងាត់របស់ពួកគេតម្រូវឱ្យមានការផ្លាស់ប្តូរម្តងទៀត។ បញ្ហានេះត្រូវបានគេជូនដំណឹងទៅសមត្ថកិច្ច ហើយមូលហេតុក៏ត្រូវបានរកឃើញហើយដែរ។ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត Quora បានចាត់វិធានការដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះកុំឱ្យកើតមានម្តងទៀតពេលក្រោយ សុវត្ថិសុខរបស់អ្នកប្រើប្រាស់គឺជាតួនាទីរបស់ Quora ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia