ចិនគ្រោងបង្ហោះផ្កាយរណបរាប់រយទៅអវកាស ដើម្បី Free Wifi ដល់មនុស្សទូទាំងពិភពលោក

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់ចិនមានមហិច្ឆតាចង់ផ្តល់ជូនសេវាកម្មប្រើប្រាស់សេវាអិនធឺណិតដោយសេរី​ (Free Wi-Fi) ទូទាំងពិភពលោក តាមរយៈការដំឡើងផ្កាយរណបចំនួន ២៧២ នៅទីអវកាស។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា LinkSure Network មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ បើតាមលោក Wang Jingying ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងចាយលុយប្រមាណជា ៣ ពាន់លានយន់ ( ៤៣៧,៧ លាន ដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍន៍គម្រោងមួយនេះ។

បើតាមគម្រោងក្រុមហ៊ុនរបស់លោកនឹងផ្តើមដំឡើងប្រព័ន្ធផ្កាយរណបមួយចំនួនក្នុងឆ្នាំ ២០២០ ខាងមុខនេះ ហើយបន្តដំឡើងជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៦ រហូតទាល់តែគ្រប់ចំនួន ២៧២។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យគេរំពឹងថា មនុស្សជាច្រើនពាន់លាននាក់នៅលើពិភពលោកនឹងរីករាយជាមួយនឹងសេវាកម្មមួយនេះ ហើយក្រុមហ៊ុនក៏អាចរកលុយបាន យ៉ាងច្រើនពីក្រុមហ៊ុនដែលបង្កើតកម្មវិធីសម្រាប់ប្រើប្រាស់តាមទូរស័ព្ទ ឬកុំព្យូទ័រ និងក្រុមហ៊ុនជាច្រើនទៀត ដែលមានផលិតផល ត្រូវលក់ ឬផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចិនបានអភិវឌ្ឍន៍បច្ចេកវិទ្យា របស់ខ្លួនបានយ៉ាងល្អ និងបានធ្វើឲ្យពិភពលោកទាំងមូលស្ញប់ស្ញែងយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz