ក្រុមហ៊ុនតំឡើង Foxconn របស់ Apple កំពុងពិចារណាដាក់រោងចក្រតំឡើងរបស់ខ្លួននៅវៀតណាម

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងតំឡើងដ៏សំខាន់របស់ក្រុមហ៊ុន Apple កំពុងពិចារណាពីការដាក់រោងចក្ររបស់ខ្លួននៅវៀតណាមដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ការផ្លាស់ប្តូរនេះគឺជាជំហានមួយក្នុងចំណោមជំហានសំខាន់ៗរបស់ក្រុមហ៊ុនធំមួយនេះ ដើម្បីធានាដល់មូលដ្ឋានផលិតកម្មបន្ថែមនៅក្រៅប្រទេសដោយសារតែភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានលើកឡើងថា លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានលើកឡើងបញ្ហានេះជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ ខែវិច្ឆិកា។ លោកបានប្រាប់ថា៖ «យើងកំពុងពិភាក្សាពីលទ្ធភាពនេះជាមួយក្រុមហ៊ុន Foxconn»។ គួរឱ្យដឹងផងដែរថាសង្គ្រាមពាណិជ្ជកម្មបាននៅតែបន្ត ហើយកាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោកស៊ីជីនភីងបានព្រមព្រៀងគ្នាមិនលើកយកតម្លៃពន្ធរយៈពេល៩០ថ្ងៃខណៈពេលការចរចារនៅតែបន្ត។

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia