ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ​យាង​និវត្តន៍​តាម​ព្រះ​ទីនាំង​យន្តហោះ​ពិសេស​ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញវិញ​ បន្ទាប់ពីបញ្ចាប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៅសៀមរាប

នាវេលាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងនិវត្តន៍តាមព្រះរាជទីនាំងយន្តហោះពិសេស មកកាន់រាជធានីភ្នំពេញវិញ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងប្រជានុរាស្រ្តជាច្រើនបន្ទាប់ពីបានបញ្ចប់ព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៅក្នុងខេត្តសៀមរាប។

គួររំលឹកផងដែលថាព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ​ស្តេចបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ព្រះរាជ​ពិធី​លៀង​សាយ​ភោជន៍​ ក្នុង​ព្រះរាជ​ពិធី​បិទ​អបអរសាទរខួប​២៥ឆ្នាំ ការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា ICC-Angkor នាព្រះ​លាន​ជល់ដំរី កាលពីរាត្រីថ្ងៃទី០៥ ខែធ្នូ។ ព្រមទាំង នៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះ ស្តេចយាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ នៃ​ព្រះ​រាជពិធី​ស្វាយ​ធ្យាយព្រះ​សត្តប្បករណាភិធម្ម​( បង្សុកូល​)​ ដើម្បី​ឧទ្ទិស​ជូន​ដួង​វិញ្ញាណ​ ឯកឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត​ Dr . Beat Richner នៅឯមន្ទីរពេទ្យគន្ធបុប្ផា៕

ប្រភព៖ Royal du Cambodge