លោក ឃួង ស្រេង បញ្ជាក់ជាថ្មីថាគ្មានគម្រោងវិនិយោគ ឬការរុះរើផ្សារដើម គ ទៅដាក់ទីតាំងថ្មីនៅបឹងតាមោគឡើយ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា ពុំមានគម្រោងវិនិយោគណាមួយរឺមានការរុះរើផ្សារដើម គ ទៅកាន់ទីតាំងថ្មីនៅបឹងតាមោគឡើយ ហើយចំពោះគម្រោងផ្សារថ្មីដែលមានផ្ទៃដី២០ហិតា នៅបឹងតាមោគ គឺជាផែនការយកអ្នកលក់បន្លែបោះដុំនៅលើប្រព័ន្ធផ្លូវមុនីរ៉េត ផ្លូវម៉ៅសេងទុង និង ផ្សារបន្លែនៅលើប្រពន្ធ័ផ្លូវតំបន់អាសែង(A5)ទៅដាក់នៅកន្លែងថ្មី ដើម្បីដោះស្រាយបញ្ហាចរាចរនៅក្នុងទីក្រុងដែលកំពុងមានការកកស្ទះ នេះបើតាមការអោយដឹងនៅលើ Facebook លោក ប៉ែន ខុន អ្នកសារព័ត៌មានរស្មីកម្ពុជា ប្រចាំសាលារាជធានីភ្នំពេញ។

ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាផ្លូវសម្រាប់បម្រើការធ្វើចរាចរ មិនមែនសម្រាប់ដាក់លក់ទំនិញទេ។ គម្រោងរបស់សាលារាជធានីមិនពាក់ពន្ធ័និងផ្សារដើមគរ សូមបងប្អូនកុំមានការព្រួយបារម្ភ។ ឯកឧត្តម មានប្រសាសន៍បែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយពត៍មាននៅលើបណ្តាញសង្គមថាសាលារាជធានីនឹងធ្វើការរុះរើផ្សារដើមគរទៅកាន់ទីតាំងថ្មីនៅបឹងតាមោក(កប់ស្រូវ)ជាមួយនឹងចំណតរថយន្តលើផ្ទៃដីទំហំ២០ហិកតាដែលមាន សជណ ពីរដ្ឋាភិបាលរួចមក៕