Nissan Auto Tech January 10, 2019 lyda
Nissan គ្រោងយកតែរថយន្តដើរដោយអគ្គិសនីសុទ្ធមកប្រើប្រាស់នៅសិង្ហបុរី

ក្រុមហ៊ុន Nissan Motor Co., Ltd., បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ ដែលបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថយន្តអគ្គិសនីមកឱ្យប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Nissan Motor បានប្រកាសនៅក្នុងពិព័រណ៍ Motorshow កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករាថា នៅត្រឹម ឆ្នាំ២០២២ គ្រប់ម៉ូដែលថ្មីរបស់ Nissan ដែលនាំចូលមកដល់សិង្ហបុរីនឹងសុទ្ធតែជារថយន្តប្រើថាមពលថ្ម ឬកាត់ (ប្រើបានទាំងប្រេងឥន្ធនៈ និងថាមពលថ្ម)។

លោក Ron Lim ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Nissan Tan Chong Motor បានប្រាប់កាសែត The Straits Times ថា រថយន្ត Nissan ប្រភេទប្រើថាមពលថ្មចំនួន ៧ ម៉ូដែលនឹងត្រូវផលិតរួចរាល់ឆាប់ៗនេះ។ ការចាប់ផ្តើមដ៏មានមហិច្ឆតានេះគឺដើរដោយថាមពលថ្ម LEAF របស់ Nissan ដែលត្រូវបានដាក់បង្ហាញនៅកម្មវិធីតាំងបង្ហាញរថយន្តនៅមជ្ឈមណ្ឌលសន្និបាត Suntec ។ បន្ទាប់មកគឺរថយន្ត Serena e-Power ដែលជារថយន្តដើរដោយថ្មដ៏អស្ចារ្យ ជាពិសេសថ្មរបស់វានឹងត្រូវបានសាកដោយស្វ័យប្រវត្តិពីការបំលែងពី petrol generator (ម៉ាស៊ីនភ្លើង) ដ៏តូចមួយ ហើយវានឹងត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes