នារីម្នាក់ជំនះចិត្តអ្នកមានគុណរៀបការជាមួយបុរសស្គាល់គ្នាបាន ១០ខែ តាមអ៊ីនធឺណេត ក្រោយមកក៏បានដឹងថាបុរសជាប្តីជាអ្នកមានស្ដុកស្ដម្ភម្នាក់នៅរុស្ស៊ី

ស្រ្តីវៀតណាមម្នាក់នេះមានឈ្មោះ ង្វៀន វ៉ាន់អេញ បានចែករំលែកពីរបៀបដែលនាងបានជួបស្វាមីរបស់នាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រោយមកបានរៀបការជាមួយគាត់បន្ទាប់ពីស្គាល់គ្នាអស់រយៈពេល ១០ខែ។ នាង វ៉ាន់អេញ ត្រូវបានគេឱ្យដឹងថា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងហាណូយជាមួយនឹងលទ្ធផលដ៏ល្អប្រសើរក្នុង ឆ្នាំ២០១៥។ ក្រោយមកក្នុងខែឧសភា ឆ្នាំ២០១៦ ចៃដន្យនាងក៏ចាប់អារម្មណ៍ឃើញរូបថតបុរសម្នាក់ថតជាមួយនឹង idol របស់នាង ទើបនាងផ្ញើសារទៅកាន់បុរសនោះ។

ក្រោយមកបុរសដែលមានឈ្មោះថា Dang Tuan នេះក៏បានប្រាប់នាងវិញថា គាត់មិនស្គាល់ idol អ្វីរបស់នាងនោះទេ។ ដោយពួកគេមានអារម្មណ៍ល្អពេលផ្ញើសារឱ្យគ្នា ពួកគេក៏បន្តទាក់ទងគ្នារហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបពួកគេចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាផ្លូវការ។ បន្ទាប់ពីទាក់ទងគ្នាបាន ១០ខែ លើបណ្តាញសង្គមដោយមិនដែលបានជួបផ្ទាល់សោះ ពួកគេទាំងពីរក៏សម្រេចចិត្តចង់រៀបការជាមួយគ្នា ប៉ុន្តែម្ដាយឪពុកខាងស្រីមិនពេញចិត្ត។ ក្រោយមកលោក Dang Tuan ក៏សុខចិត្តត្រឡប់ពីរុស្ស៊ីដើម្បីមកជួបអ្នកមានគុណរបស់នាង វ៉ាន់អេញ នៅវៀតណាម ហើយក្រោយមកពួកគាត់ក៏យល់ព្រមឱ្យអ្នកទាំងពីររៀបការជាមួយគ្នា។

នាង វ៉ាន់អេញ មានសេចក្តីត្រេកអរយ៉ាងខ្លាំង ហើយនៅក្នុងខែមីនា ឆ្នាំ២០១៧ នាងបានសម្រេចចិត្តធ្វើដំណើរទៅប្រទេសរុស្ស៊ីដើម្បីពិភាក្សាអំពីពិធីអាពាហ៍ពិពាហ៍របស់ពួកគេ។ ដោយការភ្ញាក់ផ្អើលរបស់នាងពេលមកដល់ បុរសដែលជាអនាគតស្វាមីរបស់នាង គឺជាអ្នកជំនួញដ៏មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ និងជាអ្នកចាត់ការទូទៅនៃម៉ាកសំលៀកបំពាក់ដ៏ល្បីមួយ។ ការពិតទៅនាងមិនដែលខ្វល់ពីទ្រព្យសម្បត្ដិរបស់អនាគតប្តីរបស់នាងនោះទេ អត្តចរិតរបស់គាត់ទៅវិញទេដែលទាក់ចិត្តនាងបាន។ យ៉ាងណាមិញពួកគេបានរៀបការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងពិធីមង្គលការដ៏ធំនៅសណ្ឋាគារផ្កាយប្រាំ នៅទីក្រុងហាណូយ។ គូស្នេហ៍ទាំងពីរបច្ចុប្បន្នរស់នៅប្រទេសរុស្ស៊ី និងមានកូនពីរនាក់៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz