ក្មេងស្រីអាយុ ១០ ឆ្នាំ បានសម្លាប់ខ្លួនឯង និងបានបន្សល់ទុកនូវសំបុត្រដ៏រំជួលចិត្តមួយសម្រាប់ម្តាយនាង

មិចស៊ីកូ៖ ក្មេងស្រីអាយុ ១០ ឆ្នាំ បានសម្លាប់ខ្លួនឯង និងបានបន្សល់ទុកនូវសំបុត្រ ដែលបញ្ជាក់ថា នាងសម្លាប់ខ្លួននេះ ដើម្បីធ្វើឲ្យម្តាយរបស់នាងក្លាយជាមនុស្ស ដែលសប្បាយរីករាយបំផុតក្នុងពិភពលោក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូ ខណៈដែលប្រទេសមួយនេះកំពុងរៀបចំពិធី Three Kings Day ដែលជាពិធីបុណ្យមួយមានការជូនអំណោយឲ្យគ្នាទៅវិញទៅមកពីសំណាក់ប្រជាជនគ្រប់វ័យ។ អត្ថន័យក្នុងសំបុត្របានបង្ហាញថា ក្មេងស្រីរងគ្រោះតូចចិត្តនឹងខ្លួនឯងជាខ្លាំង ដោយនាងបានគិតថា នាងជាដើមហេតុធ្វើឲ្យឪពុករបស់នាងចាកចេញពីផ្ទះ ហើយនាងគឺជាបន្ទុកដ៏ធំមួយសម្រាប់ម្តាយរបស់នាង ដែលតម្រូវឲ្យម្តាយរបស់នាងខិតខំធ្វើការងារគ្មានពេលសម្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្មេងស្រីរងគ្រោះថែមទាំងបានគិតទៀតថា បើនាងស្លាប់ទៅម្តាយរបស់នាងនឹងលែងមានបន្ទុក ហើយគាត់ក៏អាចរស់ដោយសប្បាយចិត្ត និងរីករាយផងដែរ។ តាមពិតនាងស្រលាញ់ម្តាយរបស់នាងណាស់ ហើយនាងបានគិតថា ក្នុងឱកាសបុណ្យ Three Kings Day នេះ ការសម្លាប់ខ្លួនឯង ដើម្បីស្រាយបន្ទុកដល់ម្តាយ គឺជាអំណោយដ៏ល្អបំផុតសម្រាប់ម្តាយនាង។ គិតដូចនេះហើយនាងក៏បានសម្លាប់ខ្លួនឯង ដោយបន្យល់នូវសេចក្តីសំបុត្រចុងក្រោយថា “ម៉ាក់កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ហើយនេះ(ការសម្លាប់ខ្លួនឯង)គឺជាកាដូល្អបំផុតសម្រាប់ម៉ាក់ក្នុងថ្ងៃ Three Kings Day ដែលកូនអាចជូនម៉ាក់បាន”៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz