សិង្ហបុរី និងវៀតណាមស្ថិតក្នុងបញ្ជី ដែលនឹងអាចជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូលទី២ រវាង លោក ដូណាល់ ដ្រាំ ​​​និងលោក គីម ជុងអ៊ុន

ប្រទេសសិង្ហបុរី៖ ជំនួបកិច្ចប្រជុំកំពូលលើកទីពីររវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណា ដ្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រហែលជាអាចធ្វើឡើងក្នុងប្រទេសសិង្ហបុរី ឬវៀតណាម នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ក្នុងព្រឹកថ្ងៃសុក្រ ទី១១ ខែមករានេះ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «កន្លែងដែលសាសមនឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចជំនួបអ្នកទាំង២ នេះគឺមានដូចជា៖ ប្រទេសវៀតណាម សិង្ហបុរី និងកោះហាវ៉ៃ»។

យ៉ាងណាមិញមន្ត្រីម្នាក់ទៀតបានឱ្យដឹងថា៖ «រដ្ឋហាវ៉ៃត្រូវបានគេនិយាយថា ជាទីតាំងមិនប្រាកដប៉ុន្មានទេ ព្រោះទីនោះមិនមានស្ថានទូតកូរ៉េខាងជើងនៅទីនោះឡើយ»។ ថ្វីបើរដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បានសង្ឃឹមថា ភូមិ Panmunjom ដែលស្ថិតនៅតំបន់គ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២នេះក៏ដោយ ក៏វាមិនអាចទៅរួចដែរ។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះបានប្រាប់សារព័ត៌មានថា៖ «យើងចង់រៀបចំកិច្ចប្រជុំនៅ Panmunjom ប៉ុន្តែលទ្ធភាពនៃការក្លាយជាការពិតហាក់ដូចជាមិនមាន»៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia