ជើងហោះហើរចិនមួយត្រូវពន្យាពេលរាប់ម៉ោង ដោយសារស្ត្រីចាស់ម្នាក់បោះកាក់ចូលទៅក្នុងមាស៊ីនយន្តហោះដើម្បីសុំសេចក្តីសុខ

ជើងហោះហើរ China Eastern Airlines ពីទីក្រុង Anqing ទៅកាន់ទីក្រុងស៊ាងហៃ ត្រូវបានពន្យារពេលជិត ២ម៉ោងកាលពីថ្ងៃអង្គារនេះ បន្ទាប់ពីបុគ្គលិកបានរកឃើញថា អ្នកដំណើរម្នាក់បានប៉ុនប៉ងបោះកាក់ចូលក្នុងម៉ាស៊ីនរបស់យន្ដហោះ។ ក្រុមបុគ្គលិកបានឃើញភ័ស្តុតាងកាក់ពីរ ដែលមួយបានរកឃើញនៅជិតគែមរបស់ម៉ាស៊ីន និងមួយទៀតបានរកឃើញនៅលើដីនៅក្បែរនោះ។

ក្រោយមកមន្ត្រីម្នាក់បានឡើងលើយន្តហោះ ហើយបានសួរថា តើមាននរណាម្នាក់ព្យាយាមបោះកាក់ចូលម៉ាស៊ីនរបស់យន្ដហោះដែរទេ? ដោយសន្យាថាបើពួកគេព្រមសារភាព ពួកគេនឹងមិនទទួលទណ្ឌកម្មនោះទេ។ យ៉ាងណាក៏ដោយគ្មាននរណាម្នាក់ឆ្លើយសារភាពទេ។ ក្រោយមកអ្នកដំណើរជនជាតិចិនវ័យចំណាស់ម្នាក់ក៏ត្រូវគេចាប់បាន ដោយគាត់បានបោះកាក់ទៅក្នុងម៉ាស៊ីនរបស់យន្តហោះជាលើកទី២ដើម្បីផ្សងឱ្យសំណាងល្អ និងជិះយន្តហោះឱ្យមានសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនេះមិនត្រូវបានគេចោទប្រកាន់ និងដាក់ទោសអ្វីទេ ដោយសារតែគាត់មានវ័យចំណាស់ទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ shanghai