សង្គម January 22, 2019 Khmernote
ជប៉ុនត្រៀមអនុវត្តគម្រោងចំនួន៦ចំណុចនេះ ដើម្បីជួយក្រុងភ្នំពេញកុំឲ្យលិចទឹកទៀត

យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រាជធានីភ្នំពេញទទួលបានជំនួយឥតសំណងពីប្រទេសជប៉ុនសម្រាប់អនុវត្តគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ក៏ដូចជាកាត់បន្ថយការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងតំបន់ខ្លះៗនៃខណ្ឌទួលគោក និងតំបន់បែកខាងជើងវត្តភ្នំ ក្នុងខណ្ឌដូនពេញ ដោយគម្រោងនេះនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៩ តទៅហើយបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២១ ដែលគម្រោងនោះរួមមាន៖

១. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែងប្រមាណ ៨.២០០​ម៉ែត្រ ក្នុង​សង្កាត់​បឹង​កក់​១ និង​សង្កាត់បឹង​កក់​២ នៃ​ខណ្ឌ​ទួល​គោក

២. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ២.៨០០​ម៉ែត្រ ក្នុង​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌ​ដូន​ពេញ

៣. សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ជាប់​ដង​ទន្លេ​សាប

៤. ជីក​ដាក់​បណ្ដាញ​លូ​ស្ទាក់​ទឹក​កខ្វក់ ប្រវែង​ប្រមាណ ១.៦០០​ម៉ែត្រ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពី​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ សាងសង់​ស្ថានីយ​បូមទឹក​ក្រោម​ដី ដើម្បី​បូម​ទឹក​កខ្វក់​បញ្ជូន​ទៅ​បណ្ដាញ​លូ​មេ នៅ​ផ្លូវ​លេខ​៧០

៥. បំពាក់​របា​មេកានិចកស្វ័យ​ប្រវត្តិ ដើម្បី​ត្រង​សំរាម​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គម្លង់ ស្ថានីយ​បូម​ទឹក​ផ្សារ​កណ្ដាល និង​ស្ថានីយ​បូម​ទឹក​ផ្សារ​ចាស់ ដែល​បាន​សាងសង់​រួច​ នៅ​ក្នុង​គម្រោង​ជំហាន​ទី​២

៦. ផ្គត់ផ្គង់​រថយន្ត​បំពាក់​ម៉ាស៊ីន​បូម​ទឹក​ចល័ត ចំនួន​២​គ្រឿង

អត្ថបទ៖ សេម