ចំនួនអ្នកដែលគ្មានផ្ទះសម្បែង និងអ្នករកស៊ីផ្លូវភេទនៅក្រុងបាងកកមានការកើនឡើង

ថៃ៖ ការសិក្សាមួយបានរកឃើញថា ចំនួនអ្នកដែលគ្មានផ្ទះសម្បែង និងចំនួនអ្នករកស៊ីផ្លូវភេទនៅក្នុងទីក្រុងបាងកកបានកើនឡើង ប្រមាណជា ១០ % បើធៀបទៅនឹងឆ្នាំចាស់។ ការសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថាន Issarachon Foundation ហើយបើតាមទិន្នន័យក្នុងការសិក្សានេះបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៧ នៅក្នុងទីក្រុងបាងកកមានអ្នកអត់ជំរកចំនួន ៣,៦៣០ នាក់ និងនៅក្នុងឆ្នាំ ២០១៨​ កើនដល់ចំនួន ៣,៩៩៣ នាក់ ហើយក្នុងនោះមានជនគ្មានជំរកជាមនុស្សប្រុសចំនួន ១,៥៦៩ នាក់។

ការសិក្សាក៏បានបញ្ជាក់ដែរក្នុងចំណោមជនគ្មានជំរកទាំងនោះពួកគេបានរស់នៅក្នុង តំបន់ផ្សេងៗគ្នាមានដូចជា តំបន់ Phra Nakhon ៦៨៧, តំបន់ Bang Sue ៣០២ នាក់,តំបន់ Chatuchak ២៧៧ នាក់,តំបន់ ​Pathum Wan ២២៤ នាក់ និងតំបន់ Samphanthawong ២០៤ នាក់។ ជាងនេះទៅទៀតការសិក្សាដដែលនេះក៏បានបង្ហាញថា ចំនួនអ្នករកស៊ីផ្លូវភេទក៏កើនឡើងដែរ ជាពិសេសនៅតំបន់ Rajdamnoen តែម្តង។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលថៃគ្រោងនឹងប្រើប្រាស់ថវិកាជាតិចំនួន ១% នៃ GPD សរុប (ប្រហែលជា ៧៣០ លានបាត ឬស្មើនឹងជាង ២៣ លានដុល្លារអាមេរិក) ដើម្បីជួយដោះស្រាយបញ្ហាជនដែលគ្មានជំរកទាំងអស់នោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ nationmultimedia