ឆ្នាំមុនអង្គរសង្រ្កាន្តមានចាប៉ីដងវែងយក្ស ចុះចំណែកឆ្នាំនេះមានអ្វីយក្សម្តង?

កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានរៀបចំសន្និសីទសារព៌តមានស្តីអំពីការប្រកាសជាផ្លូវការនៅព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៨ នេះក្រោមប្រធានបទ”សាទរមរតកដូនតា” ដែលឆ្លុះបញ្ចាំងពីតម្លៃនៃសារវ័ន្ត សម្រាប់អ្នកដឹកនាំជំនាន់ក្រោយអោយដឹងពីគុណតម្លៃ ក៏ដូចជាគុណធម៌ គោរពតម្លៃអ្វីដែរជាសាទរជាមរតកដូនតារបស់យើង។

ថ្លែងក្នុងកម្មវិធីសន្និសីទសារព៌តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា”ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើង ដើម្បីអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងអាចផ្តល់នូវភាពសប្បាយរីករាយ តាមរយៈការបង្ហាញ អំពីល្បែងប្រជាប្រិយ របាំប្រពៃណី ទំនៀមទម្លាប់ រស់នៅរបស់ប្រជាជនខ្មែរ សិល្បៈទស្សនីយភាពនៃការសម្តែង ដោយយុវជនយុវនារី សិល្បៈករខ្មែរ ដើម្បីលើកកម្ពស់កេរ្តិ៍តំណែល អរិយធម៌ វប្បធម៌ និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុក តាំងពីយូរលង់មកហើយនោះ រំលេចឡើងជាផ្ទាំងទស្សនីយភាពថ្មី និងប្លែកអស្ចារ្យ ដើម្បីដាក់បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិបានចូលទស្សនាកម្សាន្ត ក្នុងទឹកដីខេត្តសៀមរាប”។



ជាមួយគ្នានេះផងដែរ ឯកឧត្តម សុខ សប្បាយណា ប្រធានលេខាធិការដ្ឋានក្រុមការងារប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្រាន្តបានមានប្រសាសន៍ថា” នៅក្នុងឆ្នាំ ២០១៥ អង្គរសង្រ្កាន្តមានអន្សមយក្សដែលបានបំបែកឯកត្តកម្មពិភពលោក ឆ្នាំ២០១៧ អង្គរសង្រ្កាន្តមានចាប៊ីដងវែងយក្ស និងក្នុងឆ្នាំ២០១៨ នេះសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំ មុខហនុមានយក្ស ដើម្បីលើកស្ទួយសិល្បះល្ខោនខោលរបស់ខ្មែរយើង”។


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងត្រូវប្រព្រឹត្តិទៅក្នុងថ្ងៃទី​១៣ ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះនៅក្នុងទឹកដីខេត្តសៀមរាប ជាមួយការៀបចំកម្មវិធីធំៗ ចំនួន ៣៣កម្មវិធី ដែលត្រៀមក្នុងការទទួលភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិ។