ប្រាប់ម្តងហើយម្តងទៀតមិនស្តាប់! អាជ្ញាធរ ប្រើធម៌ក្តៅចុះអនុវត្តដកហូតសម្ភារៈលក់តាមចិញ្ចើមផ្លូវ នៅតាមបណ្តោយផ្លូវវេងស្រេង

កាលពីពេលថ្មីនេះៗ សាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ​ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​។ យើងសង្កេតឃើញថាក្រុមអាជ្ញាធរ​ និងសណ្តាប់ធ្នាប់សង្គមហាក់កំពុងដុតដៃដុតជើងអនុវត្តចំពោះករណីនេះជាបន្តបន្ទាប់រហូតមក ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមករានេះ ខាងនគរបាលសង្កាត់ស្ទឺងមានជ័យក៏បានចុះអនុវត្តគោលការណ៌នេះផងដែរ។

ដោយយោងតាមប្រភពលោក ពេជ្រ កែវមុនី ដែលជាអភិបាលខណ្ឌមានជ័យ បានបង្ហោះនៅលើទំព័រផ្លូវការរបស់លោកឲ្យដឹងថា «កម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ​ទី៣ មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវវេងស្រេង (ចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ) ផ្លូវ២១៧ និងនៅមុខផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ ដោយធ្វេីការចាប់ដកហូតសម្ភារៈមួយចំនួនដែលពួកគាត់ដាក់លើចិញ្ចើមផ្លូវយកទៅរក្សាទុក​នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដេីម្បីរងចាំម្ចាស់មកធ្វេីការសន្យា​ណែនាំ មិនអោយដាក់តាំងលក់ទៀតទេ​ ។ អាជ្ញាធរយើងមិនចង់ប៉ះពាល់ ឬរំខានចំពោះផលរបរសំភារៈរបស់បងប្អូនឡើយ តែខ្ញុំគ្មានជម្រើស ម្ដងហេីយម្ដងទៀត​ គួរណាស់បងប្អូនមេត្តាយោគយល់ និងអាណិតអាសូរចំពោះខ្ញុំ និងក្រុមការងាររបស់ខ្ញុំផង បើបងប្អូនមានបងប្អូន កូនចៅបម្រើការងារ ដូចពួកខ្ញុំដែរ តើបងប្អូនគិតយ៉ាងណាដែរចំពោះពួកគេ???​

យើងខ្ញុំពិតជាប្រឈមមុខចំពោះបងប្អូនមែន តែយើងខ្ញុំធ្វើនេះ គឺមិនមែនដើម្បីយើងខ្ញុំទេ គឺដើម្បីបងប្អូន និងផលប្រយោជន៍រួមប៉ុណ្ណោះ។ ចំពោះបងប្អូនដែលកំពុងលក់ដូរតាមផ្លូវដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ យើងខ្ញុំនឹងបន្តចុះមានវិធានការជាបន្តបន្ទាប់ យើងខ្ញុំនឹងចុះអនុវត្តគ្រប់ពេលទាំងអស់តាមពេលវេលាជាក់ស្តែងដែលអាចធ្វើបាន ដោយមិនមានជូនដំណឹងទៀតឡើយ៕​ សូមអរគុណ​!»៕ អត្ថបទ៖ មេសា