ប្រាក់ចំណូលក្រុមហ៊ុន Apple ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ Tim Cook បន្ទោសថា ដោយសារតែចិន

ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple  ត្រូវបានគេរាយការណ៍ថា​បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។ បើយោងតាមរបាយការណ៍លក់ដែលបានធ្វើឡើងត្រឹមខែធ្នូឆ្នាំ ២០១៨ កន្លងទៅនេះបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់មកសល់ត្រឹម ៨៤,៣ ពាន់លានដុល្លារ ឬស្មើនឹងការធ្លាក់ចុះ ៤,៥ % បើធៀបទៅនឹងប្រាក់ចំណូលកាលពីឆ្នាំមុនៗ។ ជាងនេះទៅទៀតបើពិនិត្យលើប្រាក់ចំណេញវិញក៏បានការធ្លាក់ចុះដែរ ព្រោះកន្លងមក Apple ធ្លាប់ទទួលបានប្រាក់ចំនេញជាង ២០ ពាន់លានដុល្លារ តែលើកនេះគឺមានត្រឹម ១៩,៩៧ ពាន់លានដុល្លារប៉ុណ្ណោះ។

បើយោងតាមលោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុមហ៊ុន Apple បានបញ្ជាក់ថា ការធ្លាក់ចុះគឺបណ្តាលមកពីការលក់នៅក្នុងប្រទេសចិនមានការធ្លាក់ចុះ ២៦ % ហើយការលក់នៅក្នុងតំបន់ផ្សេងៗទៀតគឺយឺតជាងមុន បើធៀបទៅនឹងឆ្នាំមុនៗផលិតផលរបស់ក្រុមហ៊ុន Apple សុទ្ធតែមានអ្នកឈរតម្រង់ជួរទិញ ហើយក្រុមហ៊ុនផលិតស្ទើរតែមិនទាន់តម្រូវការផង។ យ៉ាងណាក្តី លោក Tim Cook បានអះអាងថា ក្រុមហ៊ុនរបស់លោកនឹងបន្តបង្កើតផលិតផលថ្មីៗ និងទំនើបៗបន្ថែមទៀត ដើម្បីទាក់ចិត្តអតិថិជនឲ្យប្រើប្រាស់ផលិតផលក្រុមហ៊ុនខ្លួនកាន់តែច្រើនឡើង និងទទួលបានប្រាក់ចំណូល និងចំណេញកើនឡើងវិញដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail