ក្រុមហ៊ុន Apple ទទួលស្គាល់ថា តម្លៃ iPhone កប់ពពកពេក ជាមូលហេតុដែលនាំឱ្យមានការធ្លាក់ចុះនៃអត្រាលក់

ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ២៧ភាគរយ នៅត្រីមាសចុងក្រោយនេះ ហើយលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏ទទួលស្គាល់ថា តម្លៃ iPhone ខ្ពស់ពេក គឺជាកត្តាសំខាន់ដែលធ្វើឱ្យមានការធ្លាក់ចុះនៃអត្រាលក់នេះ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple បានចុះបញ្ជីចំណូលលក់របស់ខ្លួននៅក្នុងប្រទេសចិនតាមរយៈផលិតផលនាំមុខគេដូចជា៖ iPhone, Macs និង iPad ។ ហើយបច្ចុប្បន្នប្រទេសចិនបានរួមចំណែកប្រមាណ ១៥.៦ ភាគរយនៃប្រាក់ចំណូលសរុបប្រចាំត្រីមាសរបស់ក្រុមហ៊ុន Apple ដែលកាលពីឆ្នាំមុនគឺមានដល់ទៅ ២០ភាគរយ ឯណោះ។

នៅក្នុងសន្និសីទមួយលោក Tim Cook បាននិយាយថា តម្លៃទូរស័ព្ទ iPhone ខ្ពស់ពេក គឺជាកត្តាមួយនៅក្នុងការថយចុះនៃប្រាក់ចំណូលរបស់ Apple ក្នុងប្រទេសចិន។ លោកបានពន្យល់ថា បញ្ហាការផ្លាស់ប្តូររូបិយប័ណ្ណបរទេសបានធ្វើឱ្យមានភាពខុសគ្នានៃតម្លៃទំនិញនៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារកំពុងរីកចម្រើនដែលមាននិន្នាការផ្លាស់ប្តូរខ្លាំងជាងប្រាក់ដុល្លារ។ ប៉ុន្តែលោកបានបន្ថែមថា ឱកាសនៅតែមានច្រើននៅក្នុងប្រទេសចិន ដែលជាទីផ្សារអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ពិភពលោកនេះ។ ក្រុមហ៊ុនអេឡិចត្រូនិក Apple ក៏បានឱ្យដឹងថា អាជីវកម្មទំនិញដែលអាចដាក់តាមខ្លួនបាន (wearable) របស់ក្រុមហ៊ុននៅក្នុងប្រទេសចិនបានកើនឡើងជាង ៥០ភាគរយ ហើយ ២ ភាគ ៣ នៃ Macs និង iPad ត្រូវបានទិញដោយអតិថិជនក្នុងស្រុកពីខែកញ្ញា ដល់ខែធ្នូកន្លងទៅ៕

អត្ថបទ៖ លីដា
ប្រភព៖​ ecns