ប្រពន្ធ័ត្រួតពិនិត្យលិខិតឆ្លងដែនស្វ័យប្រវត្តិ e-gate ដោយមិនចាំបាច់បោះត្រា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ

អគ្គនាយកអន្តោប្រវេសន៍ បានដាក់អោយដំណើរការប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ជាផ្លូវការ។ នៅព្រឹកថ្ងៃសុក្រ​ ១២រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹង​ ថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អញ្ជេីញជាអធិបតី​ ក្នុងពិធីដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ​ E-Gate សម្រាប់ប្រជាពលរដ្ឋខ្មែរ​ ដែលប្រេីប្រាស់​ E-Passport​ (លិខិតឆ្លងដែនប្រភេទថ្មី​ សុពលភាព​ ១០ឆ្នាំ និងមាន Chip)​ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​អមដំណេីរដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយករង​ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា​,​ លោកឧត្តមសេនីយ៍ទោ​ ប្រធាននាយកដ្ឋានច្រកទ្វារទី១​ លោកឧត្តមសេនីយ៍​ អនុប្រធាននាយកដ្ឋាន​ និងមានការចូលរួមពី​ នាយ-នាយរងប៉ុស្តិ៍​ នាយ-នាយរងផ្នែក​ និងមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ។

ការដាក់​ដំណើរការ​ប្រព័ន្ធ​ថ្មី​បែប​ទំនើប​នេះ គឺ​បាន​ជួយ​សម្រួល​ច្រើន ដូចជា​កាត់បន្ថយ​ពេលវេលា សន្សំ​ទំព័រ និង​មិនបាច់​បំពេញ​ទម្រង់​បែបបទ​ជា​ដើម​។ នីតិវិធី​ងាយៗ​៣​យ៉ាង​ប៉ុណ្ណោះ ដែល​អ្នក​ប្រើប្រាស់​លិខិតឆ្លងដែន​ត្រូវ​យល់​ដឹង គឺ ដាក់ស្កេនសំបុត្រ​ឡើង​យន្តហោះ​ចូល​ម៉ាស៊ីន​ស្កេន រួច​សក​ទំព័រ​ទិន្នន័យ​នៃ​លិខិតឆ្លងដែន ដែល​មាន​រូបថត​ក្នុង​ម៉ាស៊ីន​ស្កេន មើល​ការណែនាំ ដែល​មាន​នៅ​លើ​អេក្រង់ រួច​ស្កេន​ម្រាមដៃ​ណាមួយក៏​បាន ​ជា​ការ​ស្រេច​។ ករណី​មាន​ភាព​មិន​ដំណើរការ ដោយ​ប្រការ​ណាមួយ អ្នកប្រើប្រាស់ អាច​ស្នើសុំ​ជំនួយ ពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ប្រចាំការ​ផ្ទាល់​នៅ​ទីនោះ​៕

ប្រភព៖ នាយកដ្ឋានច្រកទ្វារទី១

អត្ថបទ៖ ណារ៉ែន