ក្រសួងអប់រំ ចេញវិធានការ៤ចំនុច ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់

នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្តីស្រឡាញ់ ដោយក្រសួងបានបញ្ជាក់ថា ទិវានេះត្រូវបានសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា  ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ហើយអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែមានឥទ្ធិពលធំឡើងៗ ធ្វើឲ្យយុវវ័យភ្លើតភ្លើន ភ្លេចការសិក្សាបាត់បង់សេចក្តីថ្លៃថ្ននូររបស់ខ្លួន និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់របស់ខ្មែរទៀតផង។

ដូច្នេះដើម្បីពង្រឹង និងទប់ស្កាត់សកម្មភាពមិនប្រក្រតីទាំងអស់នេះ ក្រសួងបានចេញសេចក្តីណែនាំដូចខាងក្រោម៖

១- ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យ នៃទិវាបុណ្យនៃក្តីស្រឡាញ់។

២- ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈ ឲ្យបានម៉ឺងម៉ាត់ជាពិសេស លើការគ្រប់គ្រងសីលធម៌ និងវិន័យដោយតាមដានអវត្តមាន របស់សិស្សានុសិស្សជាប្រចាំ។

៣- ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។

៤- ត្រូវធ្វើទំនាក់ទំនង ជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕

អត្ថបទ៖ សេម