ក្លឹបបិសាចក្រហម Manchester United នឹងតែងតាំងលោក Ole Gunnar Solskjaer ជាគ្រូបង្វឹកអចិន្រ្តៃយ៍រ​បស់ក្លឹប ក្រោយពេលជួយឲ្យ Man Utd ឡើងមកដល់ Top 4

ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការអចិន្រ្តៃយ៍របស់ក្លឹបបន្ទាប់ពីគ្រូបង្វឹករូបនេះបានបញ្ចប់អាជីពជាអ្នកចាត់ការបណ្ដោះអាសន្ន។ ក្រោយពេលលោក Ole Gunnar Solskjaer ចូលមកកាន់តំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្ដេញចេញរួចមក ក្នុង 11 ប្រកួតដែលលោក Ole Gunnar Solskjaer ដឹកនាំក្លឹបបិសាចក្រហម Manchester United គឺមិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងទេ ដោយក្នុង 11 ប្រកួតនេះគឺឈ្នះ 10 ប្រកួតនិងស្មើ 1 ប្រកួត។ ចាប់តាំងពីលោក Ole Gunnar Solskjaer ចូលកាន់ដំណែងកាលពីខែឆ្នូមក គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបានជួយស្រោចស្រង់ក្លឹបដែលកំពុងដុនដាបស្ថិតក្នុងចំណាត់ថ្នាក់ដល់ទៅពាក់កណ្ដាលតារាងរហូតឈានមក Top 4 ក្រោយពេលយកឈ្នះក្លឹប Fullham ដោយលទ្ធផល 0-3 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ដំបូងលោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានរំពឹងទុកថានឹងក្លាយជាគ្រូបង្វឹកផ្លូវការរបស់ក្លឹបបិសាចក្រហម Manchester United ប៉ុន្ដែមួយរយៈនេះដោយសារតែការដឹកនាំរបស់លោក Ole Gunnar Solskjaer បានផ្លាស់ប្ដូរទំរង់លេងទាំងស្រុងហើយជួយឲ្យ Manchester United ឡើងមកដល់ Top 4 ទៀតនោះធ្វើឲ្យក្លឹបបិសាចក្រហម Manchester United គ្រោងនឹងតែងតាំងលោក Solskjaer ជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លឹបនៅក្នុងពេលខាងមុខនេះ។

បុត្រ

ប្រភព៖ Goal