នារីម្នាក់រកឃើញស្នេហ៍ពិត រហូតរៀបការជាមួយនឹងតុក្កតា zombie ដែលជាតុក្កតាកាដូថ្ងៃខួបកំណើតរបស់នាង

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលក្រោយមាននារិវ័យក្មេងម្នាក់បានលង់ស្នេហ៍ជាមួយនឹងតុក្កតា zombie រហូតបានរៀបការជាមួយគ្នា។ នាង Felicity Kadlec មានអាយុ ២១ឆ្នាំ រស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានសម្រេចចិត្តរៀបការជាមួយនឹង តុក្កតា zombie ឈ្មោះ Kelly អាយុ៣៧ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ដែលពិធីរៀបការរបស់នាងធ្វើឡើងនៅ  Tiverton កោះ Rhode ដែលចំណាយទឹកប្រាក់ជិត៥០០ដុល្លារអាមេរិក ដោយមានការចូលរួម ក្រុមគ្រួសារមិត្តភក្តិរបស់នាងចំនួន៤នាក់ និង តុក្កតា zombie ជាច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះនាងបានសាក់ឈ្មោះតុក្កតា zombie នៅលើដៃរបស់នាងនិងបានបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញសង្គម។ នាង Felicity បានឲ្យដឹងថា នាងទទួលបានតុក្កតា zombieនេះ នៅថ្ងៃខួបកំណើតរបស់នាងពេលមានអាយុ១៣ឆ្នាំ លុះរហូតពេលដែលនាងមានអាយុ១៦ឆ្នាំ នាងក៏ចាប់ផ្តើមមានអារម្មណ៍ពិសេសជាមួយនឹងតុក្កតាមួយនេះ។ យ៉ាងណាមិញដំបូងឡើងក្រុមគ្រួសារនាងមិនអនុញ្ញាតឲ្យនាងមានទំនាក់ទំនងជាមួយនឹងតុក្កកាឡើង តែស្នេហាពិតរបស់នាង ដែលអាចយកឈ្នះចិត្តក្រុមគ្រួសារ រហូតបានរៀបការជាមួយនឹង  តុក្កតា zombie ឈ្មោះ Kellyនេះ៕

អត្ថបទ៖ ណារ៉ែន
ប្រភព៖ thesun