លោក Ole Gunnar Solskjaer បានផ្លាស់ប្ដូរបរិយាកាសដែលកំពុងតែក្ដៅកគុកមកជាធម្មតាវិញក្រោយពេលចូលកាន់ដំណែងជំនួសលោក Jose Mourinho

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានផ្លាស់ប្ដូរបរិយាកាសដែលកំពុងតែមានភាពធុញថប់មករកសុភាពធម្មតាវិញក្រោយពេលគ្រូបង្វឹករូបនេះចូលមកជំនួសដំណែងលោក Jose Mourinho បានរយៈពេល 8 សប្ដាហ៍។

លោក Ole Gunnar Solskjaer បានចូលកាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កាលពីថ្ងៃទី 20 ខែឆ្នូរ កន្លងទៅដោយគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបានផ្លាស់ប្ដូរពីបរិយាកាសដែលកំពុងតែក្ដៅកគុកមកជាធម្មតាវិញ ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនបានត្រលប់មករកភាពរីករាយវិញក្រោយពេលលោក Solskjaer ចូលមកកាន់ដំណែងបណ្ដោះអាសន្នជំនួសលោក Mourinho។

លោក Ole Gunnar Solskjaer បានកែប្រែអត្តចរិកដែលនិយាយគ្នាមិនស្ដាប់កាលពីជំនាន់លោក Jose Mourinho ដឹកនាំមកជាធម្មតាវិញ ដោយកីឡាករទាំងអស់ពេលនេះបានកំពុងតែរីករាយចំពោះទំរង់លេងថ្មីដែលរៀបចំដោយគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ។ លោក Solskjaer បានកែប្រែទំរង់លេងដែលធ្លាប់តែលេងទប់ឫក្បូនចតឡានក្រុងរបស់លោក Jose Mourinho ប្ដូរមកជាទំរង់លេងសម្រុកមិនឈប់វិញ ដែលក្បូននេះគ្រូតា Sir Alex Ferguson ធ្លាប់ប្រើក្នុងកំឡុងពេលលោកដឹកនាំដែលពេលនោះលោក Solskjaer គឺជាកីឡាករមួយរូបក្នុងពេលដែលលោក Fergunson ដឹកនាំ។

ក្រោយពេលលោក Ole Gunnar Solskjaer ចូលដឹកនាំ គ្រូបង្វឹករូបនេះបានចូលរួមពិភាក្សារឿងអាជីវកម្មរបស់លោកផ្ទាល់ក្នុងផ្នែកមួយរបស់ក្លឹប ហើយបានចូលរួមបាយសាមគ្គីជាមួយនឹងអង្គការ Unicef នៅឯកីឡដ្ឋាន Old Trafford ដើម្បីផ្ដល់យោបល់អំពីការដឹកនាំ ជាពិសេសលោកបានទៅកាន់ជំរុំហ្វឹកហាត់របស់កីឡាការិនីរបស់ក្លឹបបិសាចក្រហម Manchester United ដើម្បីផ្ដល់ជាយោបល់ចំពោះការលេង។ អតីតមិត្តរួមក្រុមរបស់លោក Solskjaer លោក Butt បានលើកឡើងថា៖ លោក Solskjaer មានចំណេះដល់ខ្ពង់ខ្ពស់ ហើយគាត់បានផ្ដល់ចំណេះជាច្រើនទៅកាន់ថ្នាលយុវជនរបស់ក្លឹប។ ជាពិសេសគាត់បានផ្ដល់ឱកាសឲ្យយុវជនរបស់ក្លឹបបិសាចក្រហម Manchester United មានឱកាសឡើងមកលេងឈុតធំប្រសិនបើពួកគេធ្វើបានល្អនៅក្នុងឈុតថ្នាលយុវជនរបស់ក្លឹប។ គាត់គឺជាមិត្តម្នាក់ក្នុងចំណោមមិត្តរបស់ខ្ញុំជាច្រើន។ ពេលដែលគាត់មកដល់ដំបូងគឺមិនបាននិយាយអ្វីច្រើនទេ ពួកយើងអង្គុយចុះហើយបង្កើតទំនាក់ទំនងជាមួយនឹងកីឡាករហើយជំរុញកីឡាករទាំងអស់ឲ្យមានសមត្ថភាពខ្ពស់។ 

បុត្រ

ប្រភព៖ BBC