ព័ត៌មាន February 12, 2019 Khmernote
ដោយសារតែហេតុផលនេះហើយ ទើបគេសម្រេចជ្រើសយកទីក្រុងហាណូយ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើងលើកទី២

ទីបំផុតទៅទីក្រុងហាណូយប្រទេសវៀតណាម ត្រូវបានគេជ្រើសរើសជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំជាលើកទី ២ រវាងលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ខាងមុខនេះ។ ដំបូងឡើយមានទីតាំងចំនួនន០៣ ដែលស្ថិតនៅក្នុងការពិចារណាសម្រាប់រៀបចំកិច្ចប្រជុំនេះមានដូចជា ទីក្រុងបាងកក ប្រទេសថៃ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក និងទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅពេលទីក្រុងហាណូយបានក្លាយទៅជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ មានមតិជា ច្រើនបានលើកឡើងថា តើហេតុអ្វីបានជាគេជ្រើសរើសយកទីក្រុងហាណូយ តែមិនមែនជាទីក្រុងបាងកក ខណៈដែលទីតាំងទាំងពីរនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នាជាច្រើន ដូចជាល្វែងម៉ោង ជាសមាជិកអាស៊ាន ជាប្រធានឆ្លាស់វេនអាស៊ាន ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានទំនាក់ទំនងល្អក្នុងកិច្ចការអន្តរជាតិ និងមានបទពិសោធណ៍រៀបចំកិច្ចប្រជុំធំៗដូចគ្នា។ សម្រាប់ក្រុមអ្នកវិភាគបានលើកឡើងថា អាចបណ្តាលមកពីហេតុផល ៣ យ៉ាង ដែលជំរុញឲ្យគេជ្រើសរើសយកទីក្រុងហាណូយ ដូចជា៖

១. ទីក្រុងបាងកកកំពុងតែរងការវាយប្រហារដោយផ្សែង និងខ្យល់កខ្វក់

២. ភាពមិនច្បាស់លាស់នៃការវិវឌ្ឍន៍ស្ថានភាពនយោបាយរបស់ថៃ ព្រោះថៃនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី ២៤ ខែ មីនាខាងមុខនេះ

៣. គំរូសេដ្ឋកិច្ចដែលទទួលបានជោគជ័យរបស់វៀតណាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost